ដោយៈ ម៉ាលីនណា
អាមេរិកៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាអាត្លង់ទិក ដែលជាអង្គការឯករាជ្យមួយ នៅសហរដ្ឋអាមេរិក ធ្វើការពាក់ព័ន្ធនឹងវិស័យការងារអន្តរជាតិ ជាពិសេសជំរុញ និងរក្សាវិបុលភាពសេដ្ឋកិច្ចពិភពលោក។
ប្រតិភូអាមេរិកចូលរួមក្នុងជំនួបនោះ ដឹកនាំដោយលោក Frederick Kempe ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមប្រឹក្សា ដែលជាអង្គការឯករាជ្យមួយនៅសហរដ្ឋអាមេរិក ធ្វើការពាក់ព័ន្ធនឹងវិស័យការងារអន្តរជាតិ លោកឧត្តមសេនីយ៍ Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International លោកWilliam Heidt អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចន្លោះពីឆ្នាំ២០១៥-២០១៨ លោកPatrick Murphy អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងចន្លោះឆ្នាំ២០១៩-២០២៤ និងតួអង្គសំខាន់ៗជាច្រើនទៀតផងដែរ។
ក្នុងកិច្ចពិភាក្សានាឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី បានគូសរំលេចអំពីទំនាក់ទំនងទ្វេរភាគី រវាងកម្ពុជាសហរដ្ឋអាម៉េរិក និងកិច្ចខិតខំរបស់គ្រប់ភាគីពាក់ព័ន្ធ មានជាអាទិ៍ក្នុងវិស័យវិនិយោគ បានបន្តឥតដាច់ ដើម្បីរក្សាបាននូវកំណើនការវិនិយោគដោយផ្ទាល់ពីសហរដ្ឋអាមេរិកមកកម្ពុជា។
ជាថ្មីម្ដងទៀតក្នុងជំនួបនេះ លោកស៊ុន ចាន់ថុលបានរំលេចជូនអង្គពិធីទាំងមូលអំពី កំណើននៃការវិនិយោគឯកជននៅកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលកើនឡើងរហូតដល់៧៥% ដែលគិតជាគម្រោងមានចំនួន១៦៨គម្រោង។
កម្ពុជាបានបន្តខិតខំប្រឹងប្រែង ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា មិនត្រឹមតែសម្រាប់បម្រើប្រយោជន៍ពលរដ្ឋដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សម្រួលការដឹកជញ្ជូនរបស់វិនិយោគិនផងដែរ។ គម្រោងនានាមានជាអាទិ៍ ដូចជាគម្រោងពង្រីកកំពង់ផែអន្តរជាតិទឹកជ្រៅ ក្រុងព្រះសីហនុ និងគម្រោងព្រែកជីកជាដើម ដែលសុទ្ធសឹងតែនឹងចូលរួមបង្កើនតម្លៃប្រកួតប្រជែងផ្នែកភស្ដុភារកម្មរបស់កម្ពុជា។
ដោយហេតុថាកម្ពុជាស្ថិតនៅចំកណ្ដាល នៃតំបន់អាស៊ាន មានប្រជាពលរដ្ឋប្រមាណ១៧លាននាក់ ក្នុងនោះប្រជាពលរដ្ឋវ័យក្មេងមានប្រមាណ៦០% ច្រើនជាងប្រទេសផ្សេងៗទៀតក្នុងតំបន់។ ចំពោះទីផ្សារកម្ពុជាភ្ជាប់ទៅកាន់អាស៊ាន មហាអនុតំបន់ទន្លេមេគង្គ និងទីផ្សារនៃប្រទេសជាសមាជិក កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលសរុបមានប្រជាជនប្រមាណ ២,៣ពាន់លាននាក់ជាគោលដៅ។
សហរដ្ឋអាមេរិកនៅតែជាទីផ្សារ នាំចេញធំជាងគេរបស់កម្ពុជា ហើយស្របតាមទឡ្ហីករនេះ ចំពោះកិច្ចការងារវិនិយោគ កម្ពុជាលើកទឹកចិត្ត ជូនវិនិយោគិនអាមេរិក មកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការងារវិនិយោគឯកជន បានខិតខំរិះរកវិធីសាស្រ្តនានា ដើម្បីធានានូវប្រសិទ្ធភាពនៃតួអង្គរដ្ឋនិងឯកជន ដោយរក្សាបាននូវការអនុវត្តស្របច្បាប់ និងមានភាពបត់បែនដល់វិនិយោគិន មានជាអាទិ៍ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង គម្រោងវិនិយោគកម្ពុជាcdcIPM និងការបន្តអនុវត្តកិច្ចសន្ទនា ដៃគូរវាងរដ្ឋនិងឯកជនជាដើម។
កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការជាមួយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា រួមជាមួយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia), ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានរៀបចំជាលើកដំបូងនូវ កិច្ចសន្ទនារវាងរដ្ឋនិងឯកជន នៃប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។
បន្ថែមលើការលើកឡើង ដោយលោកឧបនាយករដ្ឋមន្ត្រី លោក Casey Barnet ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ហើយក៏ជាប្រធាន និងស្ថាបនិកសាលាពាណិជ្ជកម្ម CamEd Cambodia ក៏បានលើកឡើងអំពីភាពវិជ្ជមាន ក្នុងកិច្ចការងារវិនិយោគឯកជន ដោយហេតុថាកម្ពុជាបានអនុញ្ញាតជូនវិនិយោគិនបរទេសទាំងអស់ អាចក្លាយជាម្ចាស់កម្មសិទ្ធទាំងស្រុង១០០% នៃអាជីវកម្មរបស់ខ្លួននៅកម្ពុជា លើកលែងកម្មសិទ្ធដីធ្លី ពិសេសការទទួលបានការលើកទឹកចិត្ត ទៅតាមគម្រោងវិនិយោគផ្សេងៗ គឺដូចៗគ្នាដល់គ្រប់វិនិយោគិនទាំងកម្ពុជា និងបរទេស។
ជាការឆ្លើយតបលោក Frederick Kempe បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំរបស់ លោកឧបនាយករដ្ឋមន្រ្តីក្នុងដំណើរបេសកកម្មនាឱកាសនេះ។ តាមរយៈអង្គប្រជុំនេះ ភាគីទាំងអស់នឹងខិតខំបន្ថែមទៀត ចូលរួមផ្សព្វផ្សាយអំពីសក្ដានុពលជាវិជ្ជមានរបស់កម្ពុជា ដើម្បីពង្រឹងបន្ថែមកិច្ចការងារវិនិយោគផ្ទាល់លើវិស័យមាន ជាអាទិ៍ បច្ចេកវិទ្យាទូរគមនាគមន៍ និងចំណីអាហារជាដើម។
ក្រុមប្រឹក្សាអាត្លង់ទិក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ គឺជាអង្គការឯករាជ្យមួយ នៅសហរដ្ឋអាម៉េរិកធ្វើការពាក់ព័ន្ធនឹងវិស័យការងារអន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការឆ្លងកាត់អាត្លង់ទិក ការពារសន្តិសុខអន្តរជាតិ ជាពិសេសជំរុញនិងរក្សាវិបុលភាពសេដ្ឋកិច្ចពិភពលោក៕