តំបន់​ខាងជើង​ឈៀង​ខាងលិច​ក្រុង កំពុង​បង្ហាញ​សក្តានុពល​ទាក់ទាញ​គម្រោង​ឧស្សាហកម្ម និង​លំនៅដ្ឋាន

ដោយ៖ សាវុធ

ភ្នំពេញ៖ អ្នកជំនាញ អះអាងថា តំបន់​នៅ​ប៉ែក​ខាងជើង​ឈៀង​ខាងលិច​រាជធានី​ភ្នំពេញ​នៃ​តំបន់​ឧដុង្គ បច្ចុប្បន្ន​ក៏​កំពុង​តែមាន​តម្រូវការ​ខ្ពស់​សម្រាប់​វិស័យ​ឧស្សាហកម្ម និង​សំណង់​លំនៅដ្ឋាន។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal បាន​ថ្លែង​កាលពីថ្មីៗនេះ​ថា បច្ចុប្បន្ន​នៅ​ភាគ​ខាងលិច​ក្រុងមាន​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​វិស័យ​លំនៅដ្ឋាន​ស្ទើរ​ពេញ​ទៅហើយ ហើយក៏​កំពុង​ដេញ​បន្តទៅ​ប៉ែក​ខាងជើង​ដែលជា​តំបន់​ជាយក្រុង​ជា​បន្តបន្ទាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា “ជាយក្រុង​ភ្នំពេញ​ដេញ​ទៅដល់​តំបន់ភ្នំ​បា​សិទ្ធ​គឺមាន​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​យ៉ាងច្រើន ហើយ​កំពុង​បន្ត​ឆ្ពោះទៅ​តំបន់​ក្បែរ​ខាង​បន្ថែមទៀត ជាពិសេស​តំបន់​ឧដុង្គ ដែល​បច្ចុប្បន្នកំពុង​ចាក់​បំពេញ​ដោយ​សំណង់ធំៗបម្រើ​ដល់​វិស័យ​ឧស្សាហកម្ម ហើយ​ក៏មាន​គម្រោង​លំនៅដ្ឋាន​ផងដែរ” ។

លោក​ឧ​កញា​បញ្ជាក់ថា “សម្រាប់តែ​គម្រោង​អភិវឌ្ឍន៍​សំណង់​លំនៅដ្ឋាន​គឺមាន​ច្រើន ដែលជា​ប្រភេទ​លំនៅដ្ឋាន​តម្លៃ​សមរម្យ និង​កម្រិត​មធ្យម ហើយ​កំណើន​ទាំងនេះ​នឹង​នៅតែ​បន្តទៅទៀត​ក្នុង​ចន្លោះ​ប្រមាណ ៣-៥ ឆ្នាំ​ទៀត ជាពិសេស​នៅក្បែរ​តំបន់​ផ្លូវ៥១ និង​ក្រវាត់ក្រុង” ។

លោក វ៉ា វីរៈ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century21 Fortuna Investment ធ្លាប់បាន​មានប្រសាសន៍ថា ស្ទើរតែ​គ្រប់​តំបន់​ជាយក្រុង​រាជធានី​ភ្នំពេញ​ទាំងអស់​គឺ​សុទ្ធ​តែមាន​តម្រូវការ​ប្រើប្រាស់​ដី​ទាំងអស់ ជាពិសេស​ត្រឹម​ចម្ងាយ​ចាប់ពី​ប្រមាណ​ជាង៣០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។

លោក​បាន​បន្តទៀតថា “នៅ​តំបន់​ឧដុង្គ គឺមាន​ភាពល្អប្រសើរ​ច្រើន ដែល​ក្រៅពី​នៅ​ជិត​ក្រុង និង​មាន​ផ្លូវ​ហាយ​វេ (ផ្លូវជាតិ​លេខ៥) និង​ផ្លូវជាតិ​លេខ៥១ ដែល​រដ្ឋាភិបាល​កំពុង​តែ​ធ្វើការ​កែលម្អ​ជា​បណ្តើរ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ការដឹកជញ្ជូន តំបន់​នេះ​នៅមាន​វិសាលភាព​ធំ​ទូលាយ​ងាយស្រួល​អភិវឌ្ឍន៍ ហើយ​តម្លៃ​ក៏​នៅ​ធូរ​ថ្លៃ” ។

លោក​បាន​បន្តទៀតថា “កត្តា​ភូមិសាស្ត្រ​នៅទីនេះ​ល្អប្រសើរ​ទាំង​ការរស់នៅ ក៏ដូចជា​ផ្តល់​ភាពងាយស្រួល​ដល់​វិស័យ​ដឹកជញ្ជូន ជាក់ស្ដែង​ក្រៅពី​មាន​ផ្លូវជាតិ​លេខ៥ ដែលជា​ផ្លូវ​ហាយ​វេ ថែមទាំង​មាន​ភាពងាយស្រួល​ក្នុង​ការឆ្លង​ទៅកាន់​ផ្លូវជាតិ​លេខ៦ តាម​ស្ពាន​ព្រែក​ក្ដាម និង​ឆ្ពោះទៅ​ផ្លូវជាតិ៤ តាមផ្លូវ៥១ ដែល​កំពុង​តែមាន​សន្ទុះ​ការអភិវឌ្ឍ​ខ្លាំង និង​មាន​តម្រូវការ​ប្រើប្រាស់​ដី​ខ្ពស់​នាពេល​បច្ចុប្បន្ននេះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here