តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅខែសីហារបស់សហរដ្ឋអាមេរិក ដើម្បីស្វែងរកតម្រុយបន្ថែមទៀតអំពីការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក(Federal Reserve)នៅសប្តាហ៍ក្រោយ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៣ភាគរយដល់២៥១៩,៣៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៨ភាគរយដល់២៥៤៧,៧០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤០នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥១៦,១២ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥៤៣,១០ដុល្លារក្នុងមួយអោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៦៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយកំឡុងកិច្ចប្រជុំគោលនយោបាយនាថ្ងៃទី១៨ ខែកញ្ញាខាងមុខ។នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០១,៤៣ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,៦៣ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៦៥%ដល់២៨,៨០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,២៤%ដល់៩៤៦,៦០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,៥៤%ដល់៩៧១,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤១នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here