តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក បានបង្ហើបថា ធនាគារនេះអាចនឹងបញ្ចុះអត្រាការប្រាក់នៅខែកញ្ញាខាងមុខ ប្រសិនបើអត្រាអតិផរណាបន្តមានការធ្លាក់ចុះស្របតាមការរំពឹងទុក។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២%ដល់២៤៤៣,២១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង១,០៨%ដល់២៤៥២,៦០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៦នាទីព្រឹក។

ម្យា៉ងវិញទៀត មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋធានី Tehran របស់ប្រទេសអុីរ៉ង់កាលពីព្រឹកថ្ងៃពុធ ដែលអាចនាំឱ្យមានការវាយប្រហារសងសឹកទៅលើអុីស្រាអែល និងបានបង្កឱ្យមានការព្រួយបារម្ភបន្ថែមទៀតថា ជម្លោះនៅតំបន់ហ្គាហ្សាកំពុងរាលដាលទៅជាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាកាន់តែធំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្តាលអាមេរិក (Fed) បានសម្រេចចិត្តរក្សាទុកអត្រាការប្រាក់គោលឱ្យនៅថេរដដែលនៅចុងបញ្ចប់នៃកិច្ចប្រជុំគោលនយោបាយប្រចាំខែកក្កដាកាលពីថ្ងៃពុធម្សិលមិញ ខណៈក្រុមអ្នកវិនិយោគបង្ហាញក្តីសង្ឃឹមថា ធនាគារ Fed នឹងបញ្ចុះអត្រាការប្រាក់នៅខែកញ្ញាខាងមុខ។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះដល់១០៣,៩៦ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,១០ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,១៥%ដល់២៨,៩៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,១៩%ដល់៩៨៤,៥០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៨៣%ដល់៩១៧,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៦នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here