ជនជាតិចិន និងកាណាដានាំមុខក្នុងការទិញលំនៅដ្ឋានច្រើនជាងគេនៅអាមេរិក

អន្តរជាតិ: យោងតាមរបាយការណ៍ថ្មីពីបង្ហាញថា ជនបរទេស បានទិញផ្ទះនៅសហរដ្ឋអាមេរិក ក្នុងទំហំសរុបបញ្ចូលគ្នាចំនួន៤២ពាន់លានដុល្លារ គិតចាប់ពីខែមេសា ឆ្នាំមុន ដល់ខែមីនា ឆ្នាំ២០២៤។
ចំនួននេះមានការថយ២១,២% បើធៀបនឹងរយៈពេល១២ខែមុននេះទៀត។
អតិថិជនអន្តរជាតិបានទិញផ្ទះ ដែលមានស្រាប់ចំនួន៥៤.៣០០យូនីត ដោយធ្លាក់ចុះ៣៦% និងជាចំនួនតិចតួចបំផុតដែលជនបរទេសបានទិញ គិតចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ។ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយសមាគមអ្នកអភិវឌ្ឍន៍ អចលនទ្រព្យជាតិ(NAR) របស់សហរដ្ឋអាមេរិក។
លោក Lawrence Yun ប្រធានសេដ្ឋវិទូរបស់សមាគម NAR បានលើកឡើងថា “ការហក់ឡើងនៃអត្រាប្តូរប្រាក់ដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណផ្សេងៗទៀត បានធ្វើឱ្យពលរដ្ឋអាមេរិក ចំណាយប្រាក់អស់តិចជាងមុន លើការដើរលេងកំសាន្តនៅបរទេស”។
ប៉ុន្តែប្រធានសេដ្ឋវិទូរូបនេះបានគូសបញ្ជាក់ថា “វាបែរជាធ្វើឱ្យតម្លៃផ្ទះនៅសហរដ្ឋអាមេរិក កាន់តែមានតម្លៃថ្លៃជាងមុនសម្រាប់ជនបរទេស។ ដូច្នេះការធ្លាក់ចុះនៃការលក់ផ្ទះនៅសហរដ្ឋអាមេរិក គឺជារឿងមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ”។
តម្លៃផ្ទះជាមធ្យមសម្រាប់ដាក់លក់ ទៅកាន់ជនបរទេសមានទំហំទឹកប្រាក់ ប្រមាណ៧៨០.៣០០ដុល្លារអាមេរិក ក្នុងមួយយូនីត ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់ជួបប្រទះ គិតចាប់តាំងពីសមាគមអ្នកអភិវឌ្ឍន៍ អចលនទ្រព្យជាតិ(NAR)របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមអង្កេតតាមដានទិន្នន័យនេះ។
ជាមួយគ្នានេះ ប្រសិនបើរាប់ចំនួនផ្ទះសរុប គិតជាយូនីត ដែលជនបរទេសបានទិញ គេសង្កេតឃើញថា ប្រទេសកាណាដាបាននាំមុខគេ ក្នុងចំណោមជនបរទេសទាំងអស់ ព្រោះពលរដ្ឋកាណាដា បានចូលរួមចំណែកទិញផ្ទះ នៅអាមេរិកច្រើនជាងគេ ក្នុងរង្វង់១៣%នៃចំនួនផ្ទះសរុប បន្ទាប់មកគឺពលរដ្ឋប្រទេសចិន និងពលរដ្ឋម៉ិកស៊ិក មានចំណែក១១%ដូចគ្នា និងពលរដ្ឋឥណ្ឌាមានចំណែក១០%។
ប៉ុន្តែប្រសិនបើគិតពីទំហំទឹកប្រាក់ ប្រទេសចិនគឺជាប្រទេសឈរនៅលេខរៀងទី១ ខណៈពលរដ្ឋចិនបានទិញលំនៅដ្ឋាននៅអាមេរិក ក្នុងទំហំទឹកប្រាក់ចំនួន៧,៥ពាន់លានដុល្លារ។
ចំណែក ពលរដ្ឋកាណាដាបានទិញ ក្នុងទំហំទឹកប្រាក់សរុបបញ្ចូលគ្នាចំនួន៥,៩ពាន់លានដុល្លារ ខណៈពលរដ្ឋឥណ្ឌាបានទិញ ក្នុងទំហំទឹកប្រាក់៤,១ពាន់លានដុល្លារ។ រីឯ ពលរដ្ឋម៉ិកស៊ិក បានទិញក្នុងទំហំទឹកប្រាក់២,៨ពាន់លានដុល្លារ ហើយពលរដ្ឋកូឡុំប៊ី បានទិញក្នុងទំហំទឹកប្រាក់០,៧ពាន់លានដុល្លារ។
គិតចាប់ពីខែមេសា ឆ្នាំមុន រហូតដល់ខែមីនា ឆ្នាំ២០២៤ គោលដៅធំៗ សម្រាប់ជនបរទេស ដែលបានចូលមកទិញផ្ទះនៅសហរដ្ឋអាមេរិក រួមមាន រដ្ឋផ្លរីដា (២០%) រដ្ឋតិចសាស់ (១៣%) រដ្ឋកាលីហ្វ័រញ៉ា (១១%) និងរដ្ឋអារីហ្សូណា (៥%)។
ចំណែកឯ រដ្ឋហ្សកហ្ស៊ី រដ្ឋ New Jersey រដ្ឋញូវយ៉ក និងរដ្ឋកាលីហ្វ័រញ៉ាភាគខាងជើង សុទ្ធតែទទួលបានចំណែកនៃការទិញផ្ទះចំនួន៤% ស្មើរៗគ្នាទាំងអស់ពីសំណាក់ជនបរទេស៕ប្រភព:Yahoo Finance៕

ដោយ: គង់ លាងហួរ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here