ការប្រើប្រាស់ឥណទានបានដាំក្បាលចុះក្នុងអត្រា ត្រឹម២,៦ភាគរយ      

    ភ្នំពេញៈ កំណើន​ឥណទាន​នៅ​កម្ពុជា ​បាន​ថមថយ​ជា​បន្ត​បន្ទាប់​ដល់កម្រិត​ទាប​ក្នុង​អត្រា​២,៦​ភាគរយ​ ​ជា​កម្រិត​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​​ចុង​ក្រោយ។ នេះ​បើតាម​លោកស្រី ជា សិរី អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា។

ថ្លែង​នៅ​ក្នុង​សន្និបាត ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី១ ឆ្នាំ​២០២៤ រៀបចំឡើង​កាលពីថ្ងៃទី១៩ កក្កដា លោកស្រី​ជា សិរី បានថ្លែង​ថា​ ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ឥណទាន​បណ្ដាល​មក​ពី​ការ​ប្រុង​ប្រយ័ត្ន ​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ស្រប​ពេល​មាន​ភាព​មិន​ប្រាកដ​ប្រជា ​នៃ​សេដ្ឋកិច្ច​ពិភពលោក ​បណ្ដាល​មក​ពី​សង្គ្រាម​នៅ​តំបន់​អឺរ៉ុប ​និង​មជ្ឈិម​បូព៌ា និង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ។

លោកស្រី​ថ្លែង​ថា “ភាព​មិន​​ប្រាកដ​ប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក​ និង​ក្នុង​តំបន់​ បាន​ជំរុញ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​បង្កើន​ការ​ប្រុង​ប្រយ័ត្នជាង​មុន ​ក្នុង​ការ​ផ្ដល់​ឥណទាន ហើយ​ស្រប​ពេល​នៃ​ការងើប​ឡើង​យឺត​ នៃ​វិស័យ​មួយ​ចំនួន​ផង​នោះ កំណើន​ឥណទាន​បាន​ថមថយ ​ជា​បន្ត​បន្ទាប់​ដល់​កម្រិត​ទាប​ក្នុង​អត្រា​២,៦ភាគរយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោស្រី​បន្ត​ថា ស្រប​ពេល​ជាមួយ​គ្នា​នេះ អនុបាត​ឥណនា​មិន​ដំណើរ​ការ​ (ការសង​មិន​បាន​តាម​កាល​កំណត់) មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ដល់៦,៨ភាគរយ​ ក្នុង​វិស័យ​ធនាគារ និង៨,៣ភាគរយ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ។ កម្រិត​ខ្ពស់​នេះ​មួយ​ផ្នែក​ក៏ដោយសារតែ​ការ​ធ្លាក់​ចុះ ​នៃ​ចំនួន​ឥណទាន​ផងដែរ។

ចំណុច​វិជ្ជមាន​ដែល​កម្ពុជា​សម្រេច​បាន គឺ​ការ​រក្សា​អត្រា​អតិផរណា​ទាប​ ក្នុង​កម្រិត​ត្រឹម​តែ០,៤​ភាគរយ ​នៅ​ក្នុង​រយៈ​ពេល៦​ខែ​ឆ្នាំ​នេះ។ អត្រាអតិផរណា​ទាប​នេះ​ ក៏​ដោយសារ​តែ​ការធ្លាក់​ថ្លៃ​នៃ​ក្រុម​ទំនិញ​មួយ​ចំនួន ​ប្រេង​ឥន្ធនៈ និង​សេវា​ពាក់​ព័ន្ធ។ លើស​ពី​នេះ​ទៀត អត្រាប្ដូរ​ប្រាក់​ក៏​មាន​ស្ថិរភាព​ល្អ​ដែរ គឺ​មាន​ត្រា​៤០៧៥ រៀល​ក្នុង​មួយ​ដុល្លារ កើន​ឡើង​តែ​០,៤​ ភាគរយ​លើស​ឆ្នាំ​មុន។

លោកស្រី​ជា សិរីថ្លែង​ថា ការ​រក្សា​បាន​អត្រា​ប្ដូរ​ប្រាក់​ឲ្យ​នៅ​ក្រោម​១ភាគរយ គឺជា​ជោគជ័យ​មួយ​របស់​កម្ពុជា ​បើប្រៀបធៀត​ទៅ​នឹង​រូបិយប័ណ្ណ​មួយ​ចំនួន​នៅ​ក្នុង​តំបន់… ការ​រក្សា​បាន​ស្ថិរភាព​នេះ ​ដោយសារ​តែ​ការ​អនុវត្ត​នយោបាយ​រូបិយវត្ថុ​ ដ៏​ប្រុង​ប្រយ័ត្ន។

លើស​ពីនេះ​ទៀត កម្ពុជា​ក៏​បាន​ពង្រឹង​ទំនុក​ចិត្ត​ដល់​វិនិយោគិន​ និង​សាធារណជន​ទៅ​លើ​ស្ថិរភាព ​សេដ្ឋកិច្ច​របស់​ខ្លួន​តាម​រយៈ​ការ​សម្រេច​បាន ​ទុន​បម្រុង​អន្តរជាតិ​ខ្ពស់​រហូត​ដល់​ទៅ​ប្រមាណ២០​ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​លោក​ស្រី ជា សិរី៕

       ដោយៈ គង់ សិរីម៉ាលីនណា

LEAVE A REPLY

Please enter your comment!
Please enter your name here