ដោយ៖ លក្ខិណា
ភ្នំពេញ៖ ក្រោយពីរដ្ឋាភិបាលកម្ពុជាប្រកាសថា រដ្ឋាភិបាលកូរ៉េ គ្រោងនឹងសាងសង់ស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រខេត្តកណ្ដាល ធ្វើឱ្យមានមតិមួយចំនួនបានលើកឡើងថា នឹងអាចជំរុញឱ្យតម្លៃដីធ្លីនៅក្នងតំបន់អរិយក្សត្រឡើងថ្លៃមួយកម្រិតទៀត ហើយមានព័ត៌មានខ្លះដីនៅតំបន់នោះបានឡើងរួចទៅហើយ។
យ៉ាងណាក្ដី អ្នកជំនាញអចលនវត្ថុកម្ពុជាបានលើកឡើងថា តម្លៃដីធ្លីនៅតំបន់អរិយក្សត្រ នៅមិនទាន់មាន ភាពច្បាស់លាស់ពីការឡើងថ្លៃនោះទេរហូតមកដល់ពេលនេះ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងថា ចំពោះគម្រោងតភ្ជាប់តំបន់ទាំងពីរនេះ បើតាមប្រភពព័ត៌មាន ផែនការគោលរបស់រាជរដ្ឋាភិបាលពិតជាមានមែន តែសម្រាប់ផែនការសាងសង់នៅមិនទាន់ច្បាស់លាស់នៅឡើយ ដូច្នេះលោកយល់ឃើញថា តម្រូវការនៃការទិញលក់ដីធ្លីនៅតំបន់អរិយក្សត្រនឹងអាចងើបឡើងបន្ត ក៏ប៉ុន្តែសម្រាប់ការឡើងថ្លៃនៃតម្លៃដីធ្លីនៅតែមិនទាន់ច្បាស់លាស់នៅឡើយ។
លោកបន្តថា “ចំពោះព័ត៌មានដែលនិយាយពីការឡើងថ្លៃតម្លៃដីធ្លីនៅអរិយក្សត្រ ក្រោយពេលមានការប្រកាសថាកូរ៉េជួយសង់ស្ពានតភ្ជាប់ពីភ្នំពេញ ទៅខេត្តកណ្ដាល អរិយក្សត្រនោះ នៅតែមិនទាន់ច្បាស់លាស់ ហើយនឹងទឡ្ហីករនានា ក៏មិនទាន់បង្ហាញច្បាស់ពីការឡើងថ្លៃតម្លៃដីធ្លីនៅតំបន់នោះដែរ”។
លោកបន្ថែមថា ការដំឡើងថ្លៃដីធ្លីនៅតំបន់អរិយក្សត្រក្រោយពេលប្រកាសថាមានស្ពាន គ្រាន់តែជាទឡ្ហីករមួយបង្ហាញដោយប្រជាជនក្នុងតំបន់នោះតែប៉ុណ្ណោះវាមិនមានអ្វីជាក់លាក់ពិតប្រាកដនៅឡើយទេ ដូច្នេះការឡើងថ្លៃដីគឺឡើងតៗពីពលរដ្ឋដែលមានដីនៅតំបន់នោះ ហើយចង់ឱ្យដីខ្លួនឡើងថ្លៃ។
លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance Real Estate បានឱ្យដឹងផងដែរថា វានឹងពិបាកឡើងថ្លៃណាស់នៅពេលដែលស្ពានតភ្ជាប់ត្រូវបានប្រកាសសាងសង់ជាច្រើនដងមក ហើយតែមិនទាន់លេចចេញជារូបរាង។ តម្លៃដីអាចនឹងងើបឡើងបន្តបើសិនជាគម្រោងភ្ជាប់ស្ពានពីភ្នំពេញទៅអរិយក្សត្រលេចចេញជារូបរាង៕







