តម្លៃប្រេងបានធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ​តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅព្រឹកថ្ងៃពុធនេះ ខណៈកំណើនតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងប្រទេសចិនបានបង្ហាញសញ្ញាអវិជ្ជមាន។ប៉ុន្តែ តម្រូវការប្រេងនៅអាមេរិកបែរជាអាចនឹងកើនឡើង ខណៈស្តុកប្រេងរបស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៤សេន មកនៅត្រឹម៨៣,៦៩ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0315 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានធ្លាក់ចុះ៤សេនមកត្រឹម៨០,៧២ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកវិនិយោគបានបង្ហាញក្តីសង្ឃឹមថា ធនាគារ Fed នឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ ក្រោយពីលោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក បានថ្លែងថា “យើងនឹងមិនរង់ចាំរហូតទាល់តែអត្រាអតិផរណាធ្លាក់ចុះមកនៅត្រឹមគោលដៅ២% ទើបយើងសម្រេចចិត្តបញ្ចុះអត្រាការប្រាក់នោះទេ ហើយប្រសិនបើអ្នកចង់រង់ចាំរហូតទាល់តែអត្រាអតិផរណាធ្លាក់ចុះដល់គោលដៅ២% នោះអ្នកប្រហែលជាត្រូវរង់ចាំយូរតទៅទៀត”។

ជាមួយគ្នានេះ កាលពីថ្ងៃអង្គារម្សិលមិញ លោកស្រី Adriana Kugler ទេសាភិបាលធនាគារកណ្តាលអាមេរិក ក៏បានសម្តែងសុទិដ្ឋិនិយមផងដែរថា “អត្រាអតិផរណាកំពុងវិលត្រលប់ទៅកាន់គោលដៅ២ភាគរយ របស់ធនាគារកណ្តាលអាមេរិកវិញ”។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះបន្តិចដល់១០៤,២៣ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,២៧ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគមានការសង្ស័យថា រដ្ឋាភិបាលជប៉ុនបានបោះទុនវិនិយោគសរុបចំនួន៦ទ្រីលានយ៉េន ដើម្បីចូលធ្វើអន្តរាគមន៍នៅក្នុងទីផ្សាររូបិយប័ណ្ណក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍មុន។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃ០,០៧ភាគរយ គិតត្រឹមម៉ោង១០:៣២នាទីព្រឹក។

ចំណែក ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,០៧៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,០៤ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,០៩៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៣២ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៩៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៣២ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here