តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីតម្រូវការមាសហក់ឡើងខ្ពស់ ខណៈក្រុម​អ្នក​វិនិយោគ​បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា ​ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងសម្រេចចិត្តបញ្ចុះអត្រាការប្រាក់របស់ខ្លួននៅក្នុងខែកញ្ញាខាងមុខ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៦%ដល់២៤៧២,៥៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៤%ដល់២៤៧៨,៧០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:១០នាទីព្រឹក។

ក្រុមអ្នកវិនិយោគបានងាកទៅទិញមាស ខណៈពួកគេសង្ឃឹមថា ធនាគារ Fed នឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ ក្រោយពីលោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក បានថ្លែងថា “យើងនឹងមិនរង់ចាំរហូតទាល់តែអត្រាអតិផរណាធ្លាក់ចុះមកនៅត្រឹមគោលដៅ២% ទើបយើងសម្រេចចិត្តបញ្ចុះអត្រាការប្រាក់នោះទេ ហើយប្រសិនបើអ្នកចង់រង់ចាំរហូតទាល់តែអត្រាអតិផរណាធ្លាក់ចុះដល់គោលដៅ២% នោះអ្នកប្រហែលជាត្រូវរង់ចាំយូរតទៅទៀត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ កាលពីថ្ងៃអង្គារម្សិលមិញ លោកស្រី Adriana Kugler ទេសាភិបាលធនាគារកណ្តាលអាមេរិក ក៏បានសម្តែងសុទិដ្ឋិនិយមផងដែរថា “អត្រាអតិផរណាកំពុងវិលត្រលប់ទៅកាន់គោលដៅ២ភាគរយ របស់ធនាគារកណ្តាលអាមេរិកវិញ”។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះបន្តិចដល់១០៤,២៣ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,២៧ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,០៤%ដល់៣១,៤៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៤៦%ដល់១០១៦,២០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង១,២២%ដល់៩៦៨,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:១១នាទីព្រឹកថ្ងៃពុធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here