តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ​តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ដោយសារក្រុមអ្នកវិនិយោគបង្ហាញការព្រួយបារម្ភអំពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិននៅត្រីមាសទី២ ដែលធ្វើឱ្យតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈក៏មានការថមថយចុះផងដែរ។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៩សេនមកនៅត្រឹម៨៤,៧៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 12:21 GMT ខណៈតម្លៃប្រេងឆៅ US West Texas Intermediate (WTI) បានធ្លាក់ចុះ១៣សេនមកនៅត្រឹម៨១,៧៨ដុល្លារក្នុងមួយបារ៉ែល។

លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក បានអះអាងថា “យើងនឹងមិនរង់ចាំរហូតទាល់តែអត្រាអតិផរណាធ្លាក់ចុះដល់គោលដៅ២% ទើបសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់នោះទេ”។ លោកបានបន្ថែមថា “ប្រសិនបើអ្នករង់ចាំរហូតដល់អត្រាអតិផរណាធ្លាក់ចុះដល់២% នោះអ្នកប្រហែលជាត្រូវរង់ចាំយូរពេកហើយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៩៩,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់១០៤,៣៥ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,១៩ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃអង្គារនេះ ខណៈបណ្តាវិនិយោគិនបានបន្តបង្ហាញការព្រួយបារម្ភថា ការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនលើអតីតប្រធានាធិបតីអាមេរិកលោក Donald Trump អាចនឹងធ្វើឱ្យលោកមានឱកាសឈ្នះកាន់តែខ្ពស់ជាងមុនក្នុងការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានធ្លាក់ថ្លៃចុះប្រមាណ០,៣០ភាគរយ គិតត្រឹមម៉ោង១០:២២នាទីព្រឹក។

ចំណែកឯ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៥១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ១,៣៥ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,១៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,២៥ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,០៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,២៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here