តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុម​អ្នក​វិនិយោគ​បានបង្ហាញសុទិដ្ឋិនិយមថា ​ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងសម្រេចចិត្តបញ្ចុះអត្រាការប្រាក់របស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣២%ដល់២៤២៩,៩១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២៦%ដល់២៤៣៥,១០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:១១នាទីព្រឹក។

លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក បានអះអាងថា “យើងនឹងមិនរង់ចាំរហូតទាល់តែអត្រាអតិផរណាធ្លាក់ចុះដល់គោលដៅ២% ទើបសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់នោះទេ”។ លោកបានបន្ថែមថា “ប្រសិនបើអ្នករង់ចាំរហូតដល់អត្រាអតិផរណាធ្លាក់ចុះដល់២% នោះអ្នកប្រហែលជាត្រូវរង់ចាំយូរពេកហើយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៩៩,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់១០៤,៣៥ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,១៩ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៥១%ដល់៣១,០៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,១៤%ដល់១០០៩,៦០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១៤%ដល់៩៥២,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:១៦នាទីព្រឹកថ្ងៃអង្គារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here