តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈប្រាក់​ដុល្លារ​បាន​ងើបឡើង​ថ្លៃ​ ដោយសារក្រុម​អ្នក​វិនិយោគ​ព្រួយបារម្ភថា ​ហេតុការណ៍បាញ់កាំភ្លើងមកលើអតីតប្រធានាធិបតីអាមេរិកលោក Donald Trump បាន​ធ្វើ​ឱ្យ​ឱកាសឈ្នះការបោះឆ្នោតរបស់លោកកាន់តែមានកម្រិតខ្ពស់។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៧%ដល់២៤០៩,៥៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២៩%ដល់២៤១៣,៧០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:០៨នាទីព្រឹក។

ក្រុមអ្នកវិភាគអន្តរជាតិបានលើកឡើងថា ប្រសិនបើលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកម្តងទៀត នោះសំណើ​របស់លោកក្នុងការដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​ នឹង​ជំរុញ​ឱ្យ​តម្លៃទំនិញហក់ឡើង​ខ្ពស់​ និងកាត់បន្ថយ​អំណាច​នៃការទិញ​របស់​ប្រជាជនអាមេរិក។ទន្ទឹមនឹងនេះ ការរឹតបន្តឹងលើការធ្វើចំណាកស្រុកក៏អាចជះផលប៉ះពាល់ដល់ទីផ្សារការងារ និងកំណើនប្រាក់ឈ្នួលផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៩២,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់១០៤,២២ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,០៩ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៣៦%ដល់៣១,០៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៧៤%ដល់១០០៥,៨០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,៣៧%ដល់៩៥៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:១០នាទីព្រឹកថ្ងៃច័ន្ទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here