ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃសុក្រនេះ ស្របពេលសម្ពាធអតិផរណានៅសហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងដ៏ធំបំផុតរបស់ពិភពលោក កំពុងបន្តបង្ហាញសញ្ញានៃការធ្លាក់ចុះ។
តម្លៃប្រេងឆៅ Brent futuresបានកើនឡើង៣៣សេន ដល់៨៥,៧៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0300 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានកើនឡើង៤៦សេនដល់៨៣,០៨ដុល្លារក្នុងមួយបារ៉ែល។
យោងតាមទិន្នន័យពីក្រសួងការងារអាមេរិកបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI)នៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ០,១% កាលពីខែមិថុនា ដែលនេះគឺជាការធ្លាក់ចុះលើកដំបូងបង្អស់គិតចាប់តាំងពីខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីបានស្ថិតនៅទ្រឹងក្នុងខែឧសភា។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៩២,៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់១០៤,៥២ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,៤៤ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍។
ចំណែកឯ ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីបានប្រឈមភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃសុក្រនេះ ខណៈអត្រាអតិផរណាប្រចាំខែមិថុនារបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រហែល៣ឆ្នាំ ដោយអាចផ្តល់ឱកាសឱ្យធនាគារ Fed បញ្ចុះអត្រាការប្រាក់។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានធ្លាក់ថ្លៃចុះប្រមាណ០,២០ភាគរយ គិតត្រឹមម៉ោង១០:២៣នាទីព្រឹក។
ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,៩៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ១,៩១ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,១៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,១៥ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៧៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,១៧ភាគរយ៕