តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះបន្តិចវិញនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានងើបឡើងថ្លៃយ៉ាងគំហុកគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈទិន្នន័យបង្ហាញថា អតិផរណារបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះកាលពីខែមិថុនាកន្លងទៅ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២០%ដល់២៤០៩,៨៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២៥%ដល់២៤១៥,៨០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:០៧នាទីព្រឹក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យពីក្រសួងការងារអាមេរិកបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI)នៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ០,១% កាលពីខែមិថុនា ដែលនេះគឺជាការធ្លាក់ចុះលើកដំបូងបង្អស់គិតចាប់តាំងពីខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីបានស្ថិតនៅទ្រឹងក្នុងខែឧសភា។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៩២,៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់១០៤,៥២ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,៤៤ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៤១%ដល់៣១,៥៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,២០%ដល់១០១៦,៤០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៤០%ដល់៩៩០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:១០នាទីព្រឹកថ្ងៃសុក្រនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here