ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានបន្តងើបឡើងថ្លៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលអាចផ្តល់តម្រុយលើគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក(Fed)។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៩%ដល់២៣៧៨,០៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១២%ដល់២៣៨២,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:១០នាទីព្រឹក។
បច្ចុប្បន្ន ទីផ្សារកំពុងផ្តោតការយកចិត្តទុកដាក់លើទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់សហរដ្ឋអាមេរិកដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ និងរបាយការណ៍សន្ទស្សន៍តម្លៃអ្នកផលិត (PPI) ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រស្អែក ខណៈតួលេខនាពេលថ្មីៗកន្លងមកនេះបានបង្ហាញថា អត្រាអតិផរណាបាននិងកំពុងធ្លាក់ចុះ។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧៣,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,៩៥ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៥៧%ដល់៣១,១៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,១៦%ដល់១០០៥,១០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១៩%ដល់៩៩៣,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:១១នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ៕