តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធនេះ បន្ទាប់ពីរបាយការណ៍បង្ហាញថា ស្តុកឃ្លាំងប្រេងឆៅ និងប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះកាលពីសប្តាហ៍មុន ដែលនេះជាសញ្ញាបង្ហាញពីស្ថិរភាពនៃតម្រូវការប្រើប្រាស់ថាមពល។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង២១សេនដល់៨៤,៨៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0055 GMT បន្ទាប់ពីបានធ្លាក់ចុះ១,៣%នៅក្នុងវគ្គជួញដូរមុន ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediateបានកើនឡើង២៦សេនដល់៨១,៦៧ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ១,១% នៅក្នុងវគ្គជួញដូរមុនដូចគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Jerome Powell ប្រធាន

ធនាគារកណ្តាលអាមេរិក (Fed) បានថ្លែងទៅកាន់សភាអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញនេះថា “អតិផរណានៅតែមានកម្រិតខ្ពស់ជាងគោលដៅ២% របស់យើង។ ប៉ុន្តែ អតិផរណាបាននិងកំពុងធ្លាក់ចុះនារយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយយើងត្រូវរង់ចាំមើលទិន្នន័យផ្សេងៗបន្ថែមទៀត មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់”។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧៣,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៥,១២ពិន្ទុនៅព្រឹកថ្ងៃពុធនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរនៅព្រឹកថ្ងៃពុធនេះ ទោះបីជាលោក Jerome Powell ប្រធានធនាគារ Fed មិនបានបង្ហើបតម្រុយច្បាស់លាស់អំពីពេលវេលានៃការកាត់បន្ថយអត្រាការប្រាក់យ៉ាងណាក្តី។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃប្រមាណ០,០៦ភាគរយ គិតត្រឹមម៉ោង១០:៣១នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,១៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,៤៣ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,០០៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៣៣ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,២១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,១៦ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here