ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងតិចតួចនៅថ្ងៃច័ន្ទនេះ ខណៈក្រុមអ្នកវិនិយោគបង្ហាញការព្រួយបារម្ភអំពីការរំខានការផ្គត់ផ្គង់ថាមពល ដោយសារកំពង់ផែដ៏ធំបំផុតក្នុងរដ្ឋតិចសាស់នៅសហរដ្ឋអាមេរិកបានបិទបណ្តោះអាសន្ន ខណៈក្រុមអ្នកជំនាញខាងឧតុនិយមបានព្យាករណ៍ពីហានិភ័យនៃខ្យល់ព្យុះកំណាច។
តម្លៃប្រេងឆៅ Brent futuresបានកើនឡើង១១សេន ដល់៨៦,៦៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0042 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះត្រឹមតែ៨សេនប៉ុណ្ណោះមកនៅត្រឹម៨៣,០៨ដុល្លារក្នុងមួយបារ៉ែល។
យោងតាមរបាយការណ៍បានបង្ហាញថា អត្រាអ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងដល់៤,១%កាលពីខែមិថុនា ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីខែតុលា ឆ្នាំ២០២១ ហើយការណ៍នេះអាចជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ក្រុមមន្ត្រីធនាគារកណ្តាលអាមេរិកលើគោលនយោបាយរូបិយវត្ថុរបស់ខ្លួន។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧៥,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,៩២ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ។
ចំណែកឯ ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីបានប្រឈមភាពមិនច្បាស់លាស់ នៅព្រឹកថ្ងៃច័ន្ទនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិក និងតួលេខអត្រាអតិផរណារបស់ប្រទេសចិន ដែលនឹងអាចជះឥទ្ធិពលដល់ទំនុកចិត្តក្នុងវិស័យធុរកិច្ច។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃប្រមាណ០,២៩ភាគរយគិតត្រឹមម៉ោង១០:២៣នាទីព្រឹក។
ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,២១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ១,២៤ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៣៩ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៤៨ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៤៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,១០ភាគរយ៕