ដោយៈ គង់ សូរិយា
ភ្នំពេញៈ ថ្នាក់ដឹកនាំសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA)បានចូលរួមសិក្ខាសាលាស្តីពី ចំណេះដឹងហិរញ្ញវត្ថុសម្រាប់សហគ្រិន ក្នុងការវិនិយោគលើទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា។
សិក្ខាសាលានេះរៀបចំឡើងដោយក្រុមហ៊ុនBIC Markets សហការជាមួយនិយ័តករមូលបត្រកម្ពុជា និងគាំទ្រដោយCEMEA។
លោកយិនលាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍ក្រោយបញ្ចប់សិក្ខាសលាកាលពីចុងសប្តាហ៍មុនថា បន្ទាប់ពីបានសិក្សាស៊ីជម្រៅពីបទបញ្ញត្តិ មូលដ្ឋានគ្រឹះនៃការវិនិយោគ ផលចំណេញ និងហានិភ័យរបស់ទីផ្សារ លោកគិតថា ទីផ្សារឧបករណ៍និស្សន្ទ មានឱកាសរីកចម្រើនសម្រាប់អនាគត។
លោកបន្តថា “ស្របពេលអាជីវកម្មជាច្រើន កំពុងប្រឈមមុខនឹងបញ្ហា ខ្ញុំគិតថាការវិនិយោគ លើឧបករណ៍និស្សន្ទជាជម្រើសថ្មីសម្រាប់ប្រជាពលរដ្ឋកម្ពុជា”។ លោកបន្តថា “ប៉ុន្តែដើម្បីបញ្ចៀសហានិភ័យលើការវិនិយោគ អ្នកវិនិយោគត្រូវសិក្សាលំអិតលើបទបញ្ញត្តិ របស់និយ័តករមូលបត្រកម្ពុជា ក៏ដូចជានិតិវិធីក្នុងការវិនិយោគ និងភាពស្របច្បាប់របស់ក្រុមហ៊ុនផ្តល់សេវាកម្មលើឧបករណ៍នេះផងដែរ”។
ទាក់ទងនឹងរឿងអាស្រូវកន្លងមកលោកយិនលាងគង់បានបន្តដោយពន្យល់ថាមែនទែនទៅលោកបានសិក្សាស្វែងយល់ពីទីផ្សារនេះមួយរយៈកាលហើយពិសេសតាមរយៈការចូលរួមសិក្ខាសាលានេះគឺលោកដឹងថាអ្វីដែលកើតមានរឿងអាស្រូវកន្លងមកដោយសារតែអ្នកវិនិយោគមិនបានយល់ច្បាស់ពីបទបញ្ញត្តិ និងចំណេះដឹងក្នុងការជួញដូរ ស្របពេលភ្នាក់ងាររបស់ក្រុមហ៊ុនមួយចំនួន មានចំណេះដឹងមិនច្បាស់លាស់ និងមិនបានផ្តល់ព័ត៌មាន គ្រប់ជ្រុងជ្រោយសម្រាប់វិនិយោគិន។
ជាមួយគ្នានេះលោកស្រីប៊ុនសុវ៉ាត់ឌីប្រធានBIC Marketsបានមានប្រសាសន៍ថា ដោយឈរជើងយ៉ាងរ៉ឹងមាំ លើទីផ្សារអស់រយៈពេលជាយូរមកហើយ ក្រុមហ៊ុនBICតែងតែរួមចំណែកជម្រុញការអភិវឌ្ឍទីផ្សារនេះ ជាមួយការបណ្តុះបណ្តាលធនធានមនុស្សផ្ទៃក្នុងក្រុមហ៊ុន និងដល់សាធារណៈជន។
លោកស្រីបន្តថា “ក្រុមហ៊ុនតែងតែគោរពបទបញ្ញត្តិនានា និងសហការជាមួយនិយ័តករមូលបត្រកម្ពុជា ដើម្បីជម្រុញទីផ្សារឧបករណ៍និស្សន្ទឲ្យកាន់តែរីកចម្រើន”៕