ការរីកចម្រើននៃវិស័យសំណង់នៅភ្នំពេញ ជំរុញឱ្យតម្រូវសេវាកម្មសម្អាតផ្ទះនិងអគារកើនឡើង

ដោយ៖ លក្ខិណា
ភ្នំពេញ៖ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសំណង់ និងការសាងសង់លំនៅឋាន និងអគារជាច្រើនបានរីកដុះដាល និងកំពុងបានបញ្ចប់ជាបន្តបន្ទាប់ ហើយដោយសារតែវិស័យនេះលូតលាស់ជាបន្តបន្ទាប់នោះ ធ្វើឱ្យសេវាកម្មសម្អាត ផ្ទះ និងអគារផ្សេងៗទៀត កំពុងក្លាយជាសេវាពេញនិយមមួយ និងកំពុងមានការប្រកួតប្រជែងលើទីផ្សារ។


លោកវ៉េង ភក្ដី ប្រធានក្រុមផ្ដល់សេវាកម្មសម្អាតតាមគេហដ្ឋាន និងអគារក្រោយសាងសង់នៅរាជធានីភ្នំពេញ បានឱ្យដឹងថា ពីមុនសេវាកម្មនេះ ត្រូវបានគេមើលរំលង និងមិនមានអ្នកណាចាប់អារម្មណ៍ធ្វើវានោះទេ ក៏ប៉ុន្តែក្រោយពេល លោកបានបង្កើតជាក្រុមការងារសម្អាតតាមគេហដ្ឋានអគារ សណ្ឋាគារ ឃើញថាទទួលបានការគាំទ្រពីម្ចាស់អចលនទ្រព្យទាំងនោះ ក៏មានអ្នកបង្កើតជាក្រុមជាច្រើនទៀត ដើម្បីផ្ដល់សេវាកម្មនេះដូចគ្នា។
លោក បានបន្តថា “ប៉ុន្តែដោយសារតែមិនមានបទពិសោធក្នុងការងារនេះ ទើបមួយចំនួនធំ បើកហើយបិទទៅវិញ ក្នុងរយៈពេលខ្លី”។
លោក បានបន្តទៀតថា សម្រាប់ក្រុមការងារផ្ទះស្អាតរបស់លោក ដែលបង្កើតឡើងអស់រយៈពេល៥ឆ្នាំមកហើយនោះ វាមានទីផ្សារច្រើនគួរសមនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ប៉ុន្តែសម្រាប់ទីផ្សារធំ និងមមាញឹក គឺនៅភ្នំពេញផ្ទាល់តែម្ដង ព្រោះថាការអភិវឌ្ឍអចលនទ្រព្យនៅភ្នំពេញច្រើនជាងនៅតាមខេត្តដូចជាបុរីអគារផ្សេងផ្ទះឯកជនជាដើម។
លោក បានឱ្យដឹងទៀតថា “អ្នកនៅភ្នំពេញ ជាមនុស្សរវល់នឹងការងារ គេមិនមានពេលសម្រាប់ធ្វើកិច្ចការនេះទេ ដូច្នេះ គេត្រូវការក្រុមហ៊ុនដែលផ្ដល់សេវាកម្មនេះ ។តែសម្រាប់តាមខេត្តវិញគឺយូរៗមានមួយគម្រោងឬពីរគម្រោងប៉ុណ្ណោះ”។
លោកបន្ថែមថា រហូតមកដល់ពេនេះ ក្រុមរបស់លោកអាចនិយាយបានថា មានស្ថានភាពរឹងមាំហើយ អាចចិញ្ចឹមបុគ្គលិកចន្លោះពី២០ទៅ៣០នាក់បាន ហើយក៏គ្រោងនឹងពង្រីកបន្ថែមទៀតទៅតាមលទ្ធភាព ជាក់ស្ដែង។
ចំណែកក្រុមហ៊ុនផ្ដល់សេវាកម្មសម្អាតផ្ទះមួយទៀត បានឱ្យដឹងថា ការបង្កើតក្រុមហ៊ុនផ្ដល់សេវាកម្មសម្អាតផ្ទះនេះ ក៏បានជួយដល់ពលរដ្ឋ អត់ការងារធ្វើមួយចំនួនផងដែរ និងទទួលបានប្រាក់បៀវត្សរ៍សមរម្យសម្រាប់ដោះស្រាយជីវភាព។
យោងតាមរបាយការណ៍មួយរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានបង្ហាញថា តម្រូវការលំនៅឋានបានកើនឡើងជាបន្តបន្ទាប់ នៅទូទាំងប្រទេសជាពិសេសនៅរាជធានីភ្នំពេញ។ ជាក់ស្ដែងគិតត្រឹមឆ្នាំ ២០៣០ គ្រាន់តែរាជធានីភ្នំពេញនឹងត្រូវការលំនៅឋានប្រមាណ៨០ម៉ឺនផ្ទះសម្រាប់បំពេញតម្រូវការកំនើនប្រជាជនក្នុងរាជធានីភ្នំពេញ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here