ដំណឹង​ល្អ៖ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ​អាច​បញ្ចប់​ក្នុង​រយៈពេលជាង១ឆ្នាំ​ទៀត​ប៉ុណ្ណោះ

ដោយ ហ្សូ​លី

ភ្នំពេញៈ គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ អាច​នឹង​បញ្ចប់​តាម​ផែន​ការដែល​បានគ្រោង​ទុក គឺ​នៅក្នុង​ឆមាស​ទី១ ឆ្នាំ ២០២២ ។ នេះ​បើតាម​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន។

លោក​វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា ដំណើរការ​សាងសង់​ផ្លូវ ល្បឿន​លឿន​នេះ​កំពុង​ដើរ​ស្របគ្នា​ជាមួយនឹង​ផែនការ ដែល​បាន​កំណត់ទុក ដែល​អាច​បញ្ចប់​ក្នុង​ឆមាស​ទី១ ឆ្នាំ ២០២២ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា គិត​មកទល់ពេលនេះ ការសាងសង់​ផ្លូវ​ល្បឿន លឿន​សម្រេចបាន ២៦,៨៦ភាគរយ​ហើយ ដោយ​ការសាងសង់​កំពុងមាន​ដំណើរ​ទៅមុខ​ជាប្រចាំ ទោះបី​មាន​វិបត្តិ​សកល​អូស​បន្លាយពេល​យ៉ាងណាក្តី។ មន្ត្រី​ជំនាញ​របស់​ក្រសួង សាធារណការ​តែងតែ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​សាងសង់ ដើម្បី​អាច​បញ្ចប់​បាន​ទៅតាម​ផែនការ។

ផ្លូវ​ល្បឿន​លឿនទី១ នៅ​កម្ពុជា ដែលមាន​ប្រវែង​សរុប​ជាង១៩០ គីឡូម៉ែត្រ​នេះ​ត​ភ្ជាប់​ពី​សង្កាត់ សំរោងក្រោម ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ឆ្លងកាត់ ខេត្ត កណ្តាល៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង១,៩២ គីឡូម៉ែត្រ និង ខេត្ត​ព្រះសីហនុ​មាន​ប្រវែង៨៩,៨៩ គីឡូម៉ែត្រ។

អភិបាលខេត្ត​កំពង់ស្ពឺ  លោក វ៉ី សំណាង បាន​ថ្លែងថា សម្រាប់​ខេត្តកំពង់ស្ពឺ​បច្ចុប្បន្ន​ការចាក់ដី និង​ដាក់លូ​សម្រេចបាន១០០ ភាគរយ ខណៈ​ស្ពាន​ឆ្លងកាត់​លើផ្លូវ​ជាតិ​លេខ ៤ ចំនួន២កន្លែង នៅ​មិនទាន់​រួចរាល់​ទេ។ វា​នឹង​ក្លាយជា​ផ្លូវ យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា និង ខេត្តកំពង់ស្ពឺ ។

ផ្លូវ​ល្បឿន​លឿន​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃ ទី២២ ខែ មីនា ឆ្នាំ ២០១៩ ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែល​ចំណាយ​ទឹកប្រាក់​សរុប​ប្រមាណ១៩០០លាន​ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here