ដោយ ៖ វុទ្ធី
កំពង់ស្ពឺ៖ សក្តានុពលខេត្តកំពង់ស្ពឺ ទាំងកត្តាភូមិសាស្ត្រ និងប្រជាសាស្ត្របានធ្វើឪ្យអ្នកវិនិយោគមកបណ្ដាក់ទុនវិនិយោគកាន់តែច្រើន នេះបើតាមការលើកឡើងរបស់អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងក្នុងពិធីប្រកាសជាផ្លូវការកិច្ចសហប្រតិបត្តិការរៀបរៀង និងបោះពុម្ពសៀវភៅមគ្គុទេសក៍វិនិយោគសម្រាប់ខេត្តកំពង់ស្ពឺ ដែលបានធ្វើនៅអគារប្រជុំរបស់មន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺ កាលពីថ្ងៃសុក្រ កន្លកមកនេះ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បាននិយាយថា បច្ចុប្បន្នសក្តានុពលខេត្តកំពង់ស្ពឺ ទាំងកត្តាភូមិសាស្ត្រ និងប្រជាសាស្ត្របានទាក់ទាញអ្នកវិនិយោគទុនមកបណ្ដាក់ទុនវិនិយោគកាន់តែច្រើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
លោក បន្តថា សក្តានុពលនេះ គឺដោយចង់បង្ហាញពីបុគ្គលិកលក្ខណៈរបស់ប្រជាជនខេត្តកំពង់ស្ពឺ ដោយមានចរិតស្លូតបូត និងខិតខំអំណត់តស៊ូធ្វើការងារ ព្រមទាំងមានភាពស្មោះត្រង់ ហើយកត្តាភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជាខេត្តមួយមានផ្លូវជាតិឆ្លងកាត់ជាច្រើន ពិសេសផ្លូវជាតិលេខ៤ ឆ្លងកាត់ដែលបង្កលក្ខណៈងាយស្រួល នាំផលិតផលចេញនិងនាំចូល ។
លោក បានបន្តទៀតថា ខេត្តកំពង់ស្ពឺ ស្ថិតជិតច្រកកំពង់ផែអន្តរជាតិ កំពង់សោម ហើយក៏ជាខេត្តមួយបង្កលក្ខណៈងាយស្រួល សម្រាប់អ្នកវិនិយោគទុន មកបណ្ដាក់ទុន ព្រមទាំងទទួលបានផលចំណេញខ្ពស់ផងដែរ។
លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានឪ្យដឹងថា “កិច្ចការស្រាវជ្រាវ និងចងក្រងទិន្នន័យគោល ពិតជាមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មគ្រប់ប្រភេទ ទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស”។
លោក បន្តថា “គិតមកដល់ពេលនេះសភាពាណិជ្ជកម្មកម្ពុជា បានប្រកាសបើកជាផ្លូវការ កិច្ចសហប្រតិបត្តិការបោះពុម្ពផ្សាយសៀវភៅនេះជាមួយសភា ពាណិជ្ជកម្មមណ្ឌលខេត្តបានចំនួន ១០ខេត្តមកហើយ” ។
បន្ទាប់ពីបោះពុម្ភផ្សាយសៀវភៅមគ្គុទេសក៍វិនិយោគខេត្តកំពង់ស្ពឺ រួចទាំងសភាពាណិជ្ជកម្ម និងអាជ្ញាធរខេត្តអាចបង្ហាញដល់វិនិយោគគិន អំពីវិស័យសក្តានុពល និងនិន្នាការអាជីវកម្ម ក្នុងខេត្តដោយផ្អែកលើទិន្នន័យ និងការស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈផងដែរ៕