ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ បើទោះបីជាអង្គការនៃបណ្តាប្រទេសផលិតប្រេង OPEC + បានប្រកាសបន្តអនុវត្តន៍ការកាត់បន្ថយការផលិតប្រេងរបស់ពួកគេរហូតដល់ឆ្នាំ២០២៥យ៉ាងណាក្តី។
តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែសីហា បានធ្លាក់ចុះ២៤សេនមកនៅត្រឹម៨០,៨៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0030 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures សម្រាប់ចែកចាយនៅខែកក្កដាបានធ្លាក់ចុះ១៩សេនមកនៅត្រឹម៧៦,៨០ដុល្លារក្នុងមួយបារ៉ែល។
យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន បានឱ្យដឹងថា សន្ទស្សន៍តម្លៃនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក បានកើនឡើងស្របតាមការរំពឹងទុកក្នុងរង្វង់០,៣ភាគរយ កាលពីខែមេសា បើធៀបនឹងកំណើន០,៣ភាគរយដូចគ្នាក្នុងខែមីនា។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៥៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,៥៦ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បើធៀបនឹងកម្រិត១០៤,៦៧ពិន្ទុ គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃច័ន្ទនេះ ខណៈក្រុមអ្នកវិនិយោគបង្ហាញសុទិដ្ឋិនិយមថា បណ្តាប្រទេសនៅតំបន់អឺរ៉ុប ជាពិសេសប្រទេសកាណាដាអាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុនាខែមិថុនានេះ។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃប្រមាណ១,៧៣ភាគរយ គិតត្រឹមម៉ោង១០:០៥នាទីព្រឹក។
ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៩៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ២,៦៦ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,៤០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,០៨៣ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៧៥ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,៩៥ភាគរយ៕