តើទេសាភិបាលធនាគារជាតិនៃកម្ពុជាថ្លែងយ៉ាងណាខ្លះទៅកាន់សារពត៌មានជប៉ុនNikkei Asia អំពីប្រាក់រៀល?

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោកស្រី ជា សិរី ទេសាភិបាល​ធនាគារ​ជាតិនៃកម្ពុជា បាន​ថ្លែងប្រាប់សារពត៌មានជប៉ុនNikkei Asia នៅក្នុងបទសម្ភាសន៍មួយថា ការ​ទូទាត់​ប្រាក់តាមកូដ QR ឆ្លង​ដែន​​តាម​រយៈប្រព័ន្ធ​​បាគង​​ នឹង​ជំរុញ​ការ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​រៀលរបស់​កម្ពុជា។

លោកស្រីថ្លែងបន្តថា “បច្ចុប្បន្នចំនួនជាង៨០% នៃសេដ្ឋកិច្ចរបស់កម្ពុជា នៅតែដំណើរការជាមួយប្រាក់ដុល្លារអាមេរិក ដែលជាផ្នែកមួយ នៃប្រព័ន្ធប្រើប្រាស់រូបិយប័ណ្ណចំនួន២ ខណៈអាជ្ញាធរកំពុងជំរុញឱ្យប្រាក់រៀលដើរតួនាទីកាន់តែធំជាងមុន”។

គិតត្រឹមឆ្នាំ២០២៣ ការទូទាត់តាមប្រព័ន្ធឌីជីថលសរុប ដែលធ្វើឡើងតាមរយៈប្រព័ន្ធបាគង បានកើនឡើងដល់ទំហំទឹកប្រាក់៧០ពាន់លានដុល្លារ បន្ទាប់ពីបើកដាក់ឱ្យដំណើរការ នៅឆ្នាំ២០២០ (ប្រមាណ២ដង នៃផលទុនជាតិសរុប(GDP)របស់ប្រទេសកម្ពុជា)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ ទំហំប្រតិបត្តិការទូទាត់ជារូបិយប័ណ្ណ ប្រាក់រៀលរបស់កម្ពុជា មានចំនួន២០ពាន់លានដុល្លារ នៃចំនួនសរុបកាលពីឆ្នាំមុន ដែលកើនឡើងជាង២ដងបើធៀបនឹងកម្រិតឆ្នាំ២០២២។

បើ​តាម​លោកស្រី ជា សិរី បានឱ្យដឹងទៀតថា “ប្រតិបត្តិការ​ឆ្លង​ដែន​គឺជា​គន្លឹះ ​ក្នុង​ការ​ពង្រីក​ការ​ប្រើប្រាស់​ប្រាក់​រៀល។  ប្រព័ន្ធបាគង​ត្រូវ​បាន​ដាក់ឱ្យប្រើ​ប្រាស់រួច​មកហើយ ​សម្រាប់​ការ​ទូទាត់​តាម​កូដ QR រវាង​កម្ពុជា ថៃ ឡាវ និង​វៀតណាម ព្រម​ទាំង​សេវា​ UnionPay របស់​ប្រទេស​ចិន។ លោកស្រីបន្ថែមថា “ការទូទាត់ប្រាក់ឆ្លងដែនទាំងនេះ អាចអនុវត្តន៍បានតែជាប្រាក់រៀលប៉ុណ្ណោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here