ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារលក់រាយនៅទីក្រុងហុងកុង និងទីក្រុងសិង្ហបុរី ប្រឈមមុខនឹងបញ្ហា ខណៈប្រជាជននៃទីក្រុងទាំង២នេះ ចូលចិត្តធ្វើដំណើរឆ្លងព្រំដែនទៅទិញទំនិញ និងញ៉ាំអាហារនៅតំបន់ផ្សេង។
ជាក់ស្តែង ប្រជាជនហុងកុង បានឆ្លងដែនទៅទិញទំនិញនៅតំបន់ចិនដីគោក ដូចជាទីក្រុង Shenzhen ខណៈប្រជាជនសិង្ហបុរី បានឆ្លងដែន ទៅដើរលេងកំសាន្ត និងទិញឥវ៉ាន់នៅក្នុងរដ្ឋ Johor ប្រទេសម៉ាឡេស៊ី ដែលជាតំបន់ជាប់ព្រំប្រទល់។
ក្រុមអ្នកវិភាគរំពឹងទុកថា ក្នុងរយៈពេលវែង ការចំណាយរបស់ប្រជាជនហុងកុង នៅតំបន់ចិនដីគោក នឹងបង្កបញ្ហាប្រឈមកាន់តែច្រើនដល់វិស័យលក់រាយរបស់ខ្លួន ដោយសារវិស័យទេសចរណ៍នៅហុងកុង មិនទាន់បានស្ទុះងើបឡើងវិញពេញលេញនៅឡើយ។
លោក Anshul Jain នាយកគ្រប់គ្រងប្រចាំប្រទេសឥណ្ឌា និងអាស៊ីប៉ាស៊ីហ្វិក នៅក្រុមហ៊ុន Cushman & Wakefield បានលើកឡើងថា “ទីផ្សារលក់រាយនៅទីក្រុងទាំង២ មានចំណុចល្អ និងមិនល្អរៀងៗខ្លួន។ ប៉ុន្តែបើគិតក្នុងរយៈពេលខ្លីបំផុត ទីផ្សារសិង្ហបុរី មានភាពទាក់ទាញជាងហុងកុង”។
យោងតាមរបាយការណ៍ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បង្ហាញថា ថ្លៃជួលតំបន់លក់រាយក្នុងត្រីមាសទី១ ឆ្នាំនេះ នៅក្នុងតំបន់សំខាន់ៗ របស់ប្រទេសសិង្ហបុរី បានកើនឡើង០,៦ភាគរយ បើធៀបនឹងរយៈពេល៣ខែចុងក្រោយនៃឆ្នាំមុន។ រីឯថ្លៃជួលហាងនៅតាមដងផ្លូវធំៗ ក្នុងទីក្រុងហុងកុងកើនឡើង១,៧ភាគរយ និងថ្លៃជួលមជ្ឈមណ្ឌលផ្សារទំនើប បានកើនឡើង០,៧ភាគរយក្នុងរយៈពេលដូចគ្នា។
ទីក្រុងហុងកុងបានកំណត់គោលដៅ ទាក់ទាញភ្ញៀវទេសចរណ៍ចំនួន៤៦លាននាក់នៅឆ្នាំនេះ កើនឡើង៣៥ភាគរយធៀបនឹងឆ្នាំ២០២៣។
ទោះជាយ៉ាងណាក្តី គោលដៅនេះស្មើនឹង៧០ភាគរយប៉ុណ្ណោះនៃកំណត់ត្រា ភ្ញៀវទេសចរណ៍ចំនួន៦៥លាននាក់ក្នុងឆ្នាំ២០១៨។
ទន្ទឹមនឹងនោះ បើយោងតាមការប៉ាន់ប្រមាណ បានបង្ហាញថា ការចំណាយរបស់ភ្ញៀវទេសចរណ៍ ក្នុងមួយយប់នៅទីក្រុងហុងកុង ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ១៦,៤ភាគរយ ដល់៥.៨០០ដុល្លារហុងកុង (៧៤៣ដុល្លារអាមេរិក)នៅឆ្នាំនេះ បើធៀបនឹងការចំណាយចំនួន៦.៩៣៩ដុល្លារហុងកុង ក្នុងមួយយប់កាលពីឆ្នាំ២០២៣។
ចំណែក លោកស្រី Christine Li ប្រធានផ្នែកស្រាវជ្រាវប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន Knight Frank បានលើកឡើងថា ភាពធន់ នៃវិស័យលក់រាយរបស់សិង្ហបុរី ត្រូវបានគាំទ្រដោយវិស័យទេសចរណ៍ ដែលមិនពឹងផ្អែកតែទៅលើប្រទេសចិននោះទេ៕ប្រភព: SCMP៕