តម្លៃហាងឆេងមាសបានស្ថិតក្នុងភាពមិនច្បាស់លាស់ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងភាពមិនច្បាស់លាស់ នៅព្រឹកថ្ងៃពុធនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលរបាយការណ៍សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI)របស់សហរដ្ឋអាមេរិក ដែលនឹងជះឥទ្ធិពលលើគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០២%ដល់២៣៥៧,៤២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១០ភាគរយដល់២៣៦២,២ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៦នាទីព្រឹក។

យោងតាម ការិយាល័យ ស្ថិតិ នៃ ក្រសួង ការងារអាមេរិកបានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃអង្គារម្សិលមិញនេះថា សន្ទស្សន៍តម្លៃអ្នកផលិត(PPI)បានកើនឡើងលើមូលដ្ឋានប្រចាំខែចំនួន០,៥ភាគរយ កាលពីខែមេសា បើធៀបនឹងការរំពឹងទុកថា នឹងកើនឡើងត្រឹមតែ០,៣ភាគរយ ដែលការណ៍នេះបង្ហាញថា អតិផរណានៅតែមានកម្រិតខ្ពស់នៅដើមត្រីមាសទីពីរ។

នាពេលនេះ ទីផ្សារមើលឃើញឱកាស ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់សរុបចំនួន០,៤៣%ប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៤។នេះបើយោងតាមឧបករណ៍ CME FedWatch ដែលដកស្រង់ដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៥,០១ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីធ្លាក់ថ្លៃចុះដល់១០៤,៩៥ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១២%ដល់២៨,៥៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានកើនឡើង១,៨៦ភាគរយដល់១០៥០,៣២ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៩៩ភាគរយដល់៩៨៧,៥៧ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៩នាទីព្រឹកថ្ងៃពុធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here