ដោយៈ វុទ្ធី
ភ្នំពេញៈ គម្រោងអភិវឌ្ឃវិស័យសំណង់ និងអចលនទ្រព្យធំៗតម្លៃរាប់រយលានដុល្លារ នឹងបង្ហាញវត្តមាននៅក្នុងខេត្តសៀមរាប បន្ទាប់ពីជំងឺកូវីដបញ្ចប់ ដែលជាចលករជំរុញឱ្យវិស័យអចលនទ្រព្យ ក៏ដូចជាវិស័យទេសចរនៅក្នុងខេត្តសៀមរា បមានការកើនឡើងខ្ពស់។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានថ្លែងប្រាប់នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា វិស័យអចលនទ្រព្យនៅខេត្តសៀម នឹងមានកំណើនប្រសើរឡើងវិញ បន្ទាប់វិបត្តិជំងឺកូវីដ១៩បញ្ចប់។
លោកបានថ្លែងថា “នៅពេលដែលចប់កូវីដ១៩វិស័យអចលនទ្រព្យ ក៏ដូចជាវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប នឹងមានភាពរីកចំរើនឡើង ដោយសារថ្មីៗនេះរាជរដ្ឋាភិបាលបានរៀបចំស្ថាបនាផ្លូវក្នុងខេត្តសៀមរាប ហើយជាក់ស្ដែងមានគម្រោងធំៗជាច្រើនទៀត” ។
លោកបន្តថា ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នវិស័យអចលនទ្រព្យនៅក្នុងខេត្តសៀមរាប មិនមានការវិវឌ្ឍខ្លាំងនោះទេ ពោលគឺមានសភាពទ្រឹង។ នៅក្នុងពេលនេះវិស័យអចលនទ្រព្យនៅសៀមរាប កំពុងឋិតក្នុងតំណាក់កាលទប់ខ្លួនឱ្យនឹង ធ្វើយ៉ាងណាដើម្បីកុំឱ្យធ្លាក់ចុះ ពីព្រោះនៅពេលដែលចប់កូវីដទៅ ខេត្តសៀមរាបនឹងមានភាពល្អប្រសើរឡើងវិញទាំងទេសចរណ៍ អចលនទ្រព្យ និងវិស័យផ្សេងៗទៀត” ។
លោកច្រឹក សុខនីម បានសង្កត់ធ្ងន់ថា “ក្នុងពេលនេះវាជាពេលវេលាដ៏ល្អ សម្រាប់ទិញអចលនទ្រព្យ គឺទិញទុក ដោយសារក្នុងពេលនេះ តម្លៃអចលនទ្រព្យមានតម្លៃធូរថ្លៃ ហើយមានការបញ្ចុះតម្លៃអីផ្សេងៗ ហើយនៅពេលដែលចប់កូវីដ មនុស្សមានការធ្វើដំនើរធម្មតាមានការទិញលក់ ដូច្នេះយើងអាច់បញ្ចេញវាទៅវិញ ហើយទទួលបានផលចំណេញខ្ពស់” ។
បើយោងតាមខ្លឹមសារសំខាន់ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅដោយសារ គម្រោងអភិវឌ្ឍធំៗចំនួន៣ ក្នុងខេត្តសៀមរាប មានដូចជា ព្រលានយន្តហោះអន្តរជាតិថ្មី គម្រោងស្ថាបនាផ្លូវ៣៨ខ្សែ និងទីក្រុងសៀមរាបថ្មី នឹងទាក់ទាញភ្ញៀវទេសចររហូតដល់៧លាននាក់ នៅឆ្នាំ២០៣៥ ។
ថ្មីៗនេះខេត្តសៀមរាបនឹងស្វាគមន៍ China Town ជាលើកដំបូង ដែលអភិវឌ្ឍន៍ដោយ ក្រុមហ៊ុនណាហ្គា ខប (NagaCorp) នៅក្នុងគម្រោងអភិវឌ្ឍន៍ថ្មីមួយរបស់ខ្លួន ដែលគ្រោងនឹងបោះទុនវិនិយោគ៣៥០លានដុល្លារ៕