ចំណេះដឹង! តើ​ធនាគារជាតិ​នៃ​កម្ពុជា​បង្កើតឡើង​នៅពេលណា? និង​មាន​ប្រវត្តិយ៉ាងដូចម្តេចខ្លះ?

ដោយៈ​សាវុធ

ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង និង​ក្រោយពី​វិទ្យាស្ថាន​បោះ​ប្រាក់​ឥណ្ឌូចិន ត្រូវបាន​បិទទ្វារ ហើយ​ប្រាក់រៀល​ក៏​ត្រូវបាន​បោះផ្សាយ និង​ដាក់ឱ្យ​ចរាចរ​នៅ​ថ្ងៃទី១ ខែមករា ឆ្នាំ១៩៥៥ផងដែរ។

នៅ​ឆ្នាំ១៩៦៤ ក្រោម​របប​សង្គមរាស្ត្រនិយម ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបានធ្វើ​ជាតូបនីយកម្ម ដោយ​ប្រែក្លាយ​ពី​ស្ថាប័ន ពាក់កណ្តាល​ស្វយ័ត​ទៅជា​ធនាគារ​រដ្ឋ ដែលមាន​លក្ខណៈ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម។ ធនាគារពាណិជ្ជ​ក្នុងស្រុក​ទាំងអស់ ត្រូវបាន​បិទទ្វារ ហើយ​រដ្ឋាភិបាល​បាន​បង្កើត​ធនាគារ​រដ្ឋ មួយចំនួន​ដូចជា ធនាគារ​ឥណទាន​ជាតិ ធនាគារ​អភិវឌ្ឍន៍ និង​ធនាគារ​កសិកម្ម​ជនបទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជា​អកុសល នៅ​ថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ នៅពេលដែល​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ (ខ្មែរក្រហម) កាន់អំណាច ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបាន​បិទទ្វារ អគារ​ស្នាក់ការ​ត្រូវបាន​កម្ទេច រូបិយវត្ថុ​ជាតិ​ត្រូវបាន​ឈប់​ប្រើប្រាស់ ហើយ​ប្រព័ន្ធ​ធនាគារ​ត្រូវបាន​លុបបំបាត់ចោល​ទាំងស្រុង។ ក្រោយ​ការដួលរលំ​នៃ​របប​ខ្មែរក្រហម ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបាន​បង្កើត​ឡើងវិញ នៅ​ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ក្នុងនាម​ជា​ធនាគារកណ្តាល​របស់​ប្រទេស ដែលមាន​ឈ្មោះថា “ធនាគារជាតិ​នៃ​ប្រជាជន​កម្ពុជា” ។

នៅ​ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ធនាគារជាតិ​នៃ​ប្រជាជន​កម្ពុជា​បាន​បោះផ្សាយ​ប្រាក់រៀល​ឡើងវិញ ដើម្បី​ជួយ​សម្រួល​ដល់​ការទូទាត់​ថ្លៃទំនិញ និង​បើក​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ស៊ីវិល។ នៅ​ថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩៩២ រដ្ឋសភា​បានអនុម័ត​ច្បាប់​ស្តីពី ការប្តូរឈ្មោះ​និង​តួនាទី​របស់​ធនាគារ​ពី “ធនាគារជាតិ​នៃ​ប្រជាជន​កម្ពុជា” ទៅជា “ធនាគារជាតិ​នៃ​កម្ពុជា”វិញ ដែល​ត្រូវ​បានប្រកាស​ឱ្យប្រើ ដោយ​ក្រុមប្រឹក្សារដ្ឋ​នៅ​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ១៩៩២ ។

ប្រព័ន្ធ​ធនាគារ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ចាប់តាំងពី​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ១៩៩០ នៅពេល​ដែលមាន​ការធ្វើ​កំណែទម្រង់​វិស័យ​ធនាគារ ស្រប​ពេលដែល​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា ច្បាប់​ស្តីពី​ធនាគារ​និង​ស្ថាប័នហិរញ្ញវត្ថុ ព្រមទាំង​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ដទៃទៀត ត្រូវបាន​អនុវត្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here