ជប៉ុន ផ្តល់ឥណទានសម្បទានជាង ២៣៤លានដល់កម្ពុជា ដើម្បីលើកកម្ពស់សេដ្ឋកិច្ច

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា (JICA) បានចុះកិច្ចព្រមព្រៀងផ្តល់ឥណទានសម្បទានដែលមានទឹកប្រាក់ ២៥ ប៊ីលានយ៉េន ប្រមាណ២៣៤,៦ លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់សេដ្ឋកិច្ច។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ JICA ចេញផ្សាយកាលពីម្សិលមិញ។

សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក Yuichi Sugano ប្រធានស្តីទីនៃទីភ្នាក់ងារ សហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលជប៉ុន បានកំពុងផ្តល់ឥណទានសម្បទាន សម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ស្ថេរភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្សេងៗរបស់របស់រដ្ឋាភិបាលកម្ពុជា រួមមាន ការពង្រឹងប្រព័ន្ធសុខាភិបាល កម្មវិធីជំនួយសង្គម បណ្តាញភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលបានរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩។

JICA ក្នុងនាមជាដៃគូរអភិវឌ្ឍន៍ តែងតែប្រកាន់ភ្ជាប់នូវអភិក្រមរួម ដើម្បីគំាទ្ររដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងបន្តរួមដៃជាមួយប្រទេសកម្ពុជាប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩។

ក្នុងបរិបទនេះ JICA បាននិងកំពុងជួយគាំទ្រកែលម្អអគារមន្ទីរពេទ្យ និងបំពាក់បរិក្ខារពេទ្យថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ផ្តល់សម្ភារអនាម័យ ដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បំពាក់ម៉ាស៉ីនទែម៉ូម៉ែត្រវាស់កម្តៅ និងផ្តល់សម្ភារមួយចំនួនដល់រថយន្តក្រុងក្នុងរាជធានីភ្នំពេញដើម្បីបង្ការការឆ្លងជំងឺ។

ទន្ទឹមនឹងនេះ JICA បានកំពុងអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពមន្ត្រីដែលកំពុងបម្រើការក្នុងវិស័យសុខាភិបាល តាមរយៈការបញ្ជូនជំនាញការមកប្រទេសកម្ពុជា និងរៀបចំការបណ្តុះបណ្តាលដល់មន្ត្រី៕

LEAVE A REPLY

Please enter your comment!
Please enter your name here