ក្រសួងពាណិជ្ជកម្ម ប្រកាសលុបចោលការរៀបចំពិព័រណ៍ពាណិជ្ជកម្មសំខាន់មួយនៅខែក្រោយ

ដោយ៖ លក្ខិណា
ភ្នំពេញ៖ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលអន្តរជាតិលើកតី១៥ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ត្រូវបានប្រកាសលុបចោល ពីសំណាក់ក្រសួងពាណិជ្ជកម្មកម្ពុជា។ នេះបើតាមសេចក្តីជូនដំនឹងមួយរបស់ក្រសួងពាណិជ្ជនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

យោងតាមសេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា ការលុបចោលព្រឹត្តិការណ៍នេះ ដើម្បីអនុវត្តន៍តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩។

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលអន្តរជាតិ ត្រូវបានរៀបចំធ្វើឡើងរៀងរាល់ឆ្នាំ ដោយបានផ្ដល់ឱកាសដល់អ្នកផលិតក្នុងស្រុក ក្នុងការនាំយកផលិតផល ដែលខ្លួនផលិតបានមកដាក់តាំងបង្ហាញផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីស្វែងរកទីផ្សារ និងការគាំទ្រពីប្រជាពលរដ្ឋ ក៏ដូចជាស្វែងរកទីផ្សារសម្រាប់ក្រៅប្រទេសផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកស្រីឡឹង ម៉ានុត ម្ចាស់សិប្បគ្រាប់ស្វាយចន្ទីចំការលើ ដែលតែងចូលរួមក្នុងព្រឹត្តិការណ៍នេះ រៀងរាល់ឆ្នាំ បាននិយាយថា អ្នកស្រីសោកស្ដាយ ដែលព្រឹត្តិការណ៍នេះ ត្រូវបានលុបចោល ដោយសារតែបញ្ហាកូវីដ១៩ ប៉ុន្តែ វាក៏ជាការល្អប្រសើរដែរ ដើម្បីការពារនូវការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាយើង។

អ្នកស្រីបន្តថា ព្រឹត្តិការណ៍នេះ មិនមែនជាព្រឹត្តិការណ៍សម្រាប់លក់ផលិតផលក្នុងរយៈពេលប៉ុន្មានថ្ងៃនោះទេ តែវាពេលវេលាល្អមួយ ក្នុងការផ្សព្វផ្សាយផលិតផលរបស់ផលិតករក្នុងស្រុក ដើម្បីស្វែងរកដៃគូរចែកចាយផលិតផលបន្ថែម ហើយវាជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ សម្រាប់សហគ្រិនក្នុងវិស័យSMEs។

អ្នកស្រី បាននិយាយថា រៀងរាល់ឆ្នាំក្រោយពេលព្រឹត្តិការណ៍ពិព័រណ៍នេះចប់ អ្នកស្រីទទួលបានដៃគូថ្មីៗបន្ថែម ក្នុងការទទួលយកផលិតផលរបស់អ្នកស្រីទៅចែកចាយបន្តនៅតាមបណ្ដាខេត្តផ្សេងៗទៀត ធ្វើឱ្យកំណើននៃការលក់របស់ផលិតផលក្នុងសហគ្រាសអ្នកស្រី ទទួលបានជាបន្តបន្ទាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here