មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក Thai BoonRoong Twin Tower ខ្ពស់​ជាងគេ​នៅក្នុង​តំបន់​នៅតែ​បន្ត​ដំណើរការ

ដោយ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ អគ្គនាយក​ក្រុមហ៊ុន​ថៃ ប៊ុន​រ៉ុង​បាន​អះអាងថា ការសាងសង់​អាគារ​ពា​ណិ​ជ្ជ​កម្ម​ភ្លោះ​លំដាប់​ពិភពលោក​កំពស់៥៦៨ម៉ែត្រ នៅ​ទីក្រុង​ភ្នំពេញ​បាននិងកំពុង​ដំណើរកា​រ ដោយ​មិនមាន​ការលុបចោល​នោះទេ។

បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ ពាក្យ​ចចាមអារ៉ាម​ជាច្រើន​បាន​បញ្ជាក់ថា គំរោង​នេះ​ត្រូវបាន​លុបចោល ដោយសារ​អគ្គនាយក​ក្រុមហ៊ុន​ចិន ដែលជា​ដៃគូ​សហការ​សាងសង់​គំរោង​នេះ ត្រូវបាន​ចាប់ខ្លួន​នៅ​សហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជា​យ៉ាងណា​លោក​សាស្ត្រាចារ្យ​ទួ​ស សា​ភឿន​អគ្គនាយក​ក្រុមហ៊ុន​សំណង់​ថៃ ប៊ុន​រ៉ុង​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា គំរោង​នេះ​នៅតែ​បន្ត​ដំណើរការ​ទៅមុខ មិនមាន​ការលុបចោល​នោះទេ ដោយ​បច្ចុប្បន្ននេះ ការស្ថាបនា​ជញ្ជាំង​ទប់​ដី​ជុំវិញ​គំរោង​នេះ​នៅតែ​ដំណើរការ។

ប៉ុន្តែ​លោក​មិន​ពន្យល់​លំអិត​ថា ហេតុអ្វី​ការជីក​ជញ្ជាំង​ទប់​ដី​យឺត​ជាង​ផែនការ និង​ការបើក​ការដ្ឋាន​សាងសង់​អាគារ​មេ នឹង​ចាប់ផ្តើម​នៅពេលណា​ពិតប្រាកដ​នោះឡើយ។

យ៉ាងណាក៏ដោយ​កន្លងមក លោក​សាស្ត្រាចារ្យ​ទួ​ស សា​ភឿន​ធ្លាប់បាន​ឲ្យ​ដឹងថា “ការសាងសង់​គំរោង​ដ៏​ធំ​បែបនេះ មិនមែន​ធ្វើឡើង​ដោយ​ល្បឿន តាមចិត្ត​យើង​ចង់បាន​នោះឡើយ វា​ត្រូវ​ការសិក្សា​លើ​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​បញ្ចេ​ក​ទេស គ្រឹះ ល្បឿន​ខ្យល់​បក់ បញ្ហា​បរិស្ថាន​ជាដើម” ។

លោក​បន្តថា ក្រុមហ៊ុន​បាន​កុំម៉ង់​ដែកថែប​រ៉ឹង​បំផុត ដែលមាន​ទំហំ​ប៉ុន​នឹង​គ្រឹះ​របស់​អាគារ ដើម្បី​យកមក​ដាក់​នៅ​បាត​គ្រឹះ ហើយ​ដែក​និង​សម្ភារៈ​សំណង់​ដទៃទៀត​ត្រូវបាន​កុំម៉ង់ និង​ផលិត​យ៉ាង​ពិសេស​សំរាប់​សាងសង់។

លោក​សាស្ត្រាចារ្យ​ទួ​ស សា​ភឿន​បាន​បន្តថា “នៅពេល​គំរោង​នេះ​សាងសង់​ចប់ វា​នឹង​បង្ហាញ​ពី​មោទនភាព​កម្ពុជា ហើយ​តាមរយៈ​គំរោង​នេះ នឹង​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​អន្តរជាតិ កាន់តែច្រើន​ថែមទៀត​ចូលមក​វិនិយោគ​នៅ​កម្ពុជា។ លោក​បន្តថា គំរោង​នេះ​នឹងមាន​ការិយាល័យ​លំដាប់​អន្តរជាតិ​ដំបូង​គេ ដែល​នឹង​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិធំៗ ជ្រើសរើស​រាជធានី​ភ្នំពេញ ជាទី​តាំង​សំរាប់​ការិយាល័យ​កណ្តាល​របស់​ពួកគេ។

គំរោង​នេះ​ក៏​ទទួលបាន​ការគាំទ្រ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​សម្តេច​តែងតែ​លើក​ឡើងជារឿងៗក្នុង​ពេលធ្វើ​សន្ទរកថា​នាពេល​កន្លងមក។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក Thai BoonRoong Twin Tower នឹង​បណ្តុំ​ទៅដោយ​ផ្សារ​ទំនើប​លំដាប់​ផ្កាយ៥ ការិយាល័យ​កម្រិត​ពិភពលោក អា​ផាត​ម៉ិ​ន​កម្រិត​ផ្កាយ៥ សណ្ឋាគារ​កម្រិត​ផ្កាយ៦ ភោជនីយដ្ឋាន សាល​ពិ​ព៌​ណ​លំដាប់​អន្តរជាតិ សេវាកម្ម​កំសាន្ត​ចម្រុះ ទីតាំង​គយគន់​ទេសភាព​នៃ​រាជធានី​ភ្នំពេញ១៨០ដឺ​ក្រេ។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here