សិង្ហបុរីកំពុងបើកការស៊ើបអង្កេតលើក្រុមហ៊ុន InvesableAI ជុំវិញករណីបោកប្រាស់ឱ្យវិនិយោគិនដាក់លុយ ក្នុងគម្រោងសន្យាផ្តល់ផលចំណេញលឿន

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន InvesableAI ដែលបានចុះបញ្ជីនៅប្រទេសសិង្ហបុរីកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត បន្ទាប់ពីរងការចោទប្រកាន់ថា ក្រុមហ៊ុនមិនបានបង់ប្រាក់ទៅឱ្យអ្នកវិនិយោគ ដែលបានដាក់ទុនចូលទៅក្នុងគម្រោងវិនិយោគរូបិយប័ណ្ណគ្រីបតូរបស់ខ្លួន។

របាយការណ៍ត្រូវបានដាក់ប្តឹងក្រុមហ៊ុន InvesableAI ទៅកាន់ប៉ូលីសសិង្ហបុរី ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និងគណៈកម្មការមូលបត្រ (SEC)។

ក្រុមហ៊ុន InvesableAI ត្រូវបានគេជឿថា ខ្លួនបានសន្យាផ្តល់ផលចំណេញដល់វិនិយោគិនយ៉ាងឆាប់រហ័សលើការវិនិយោគរូបិយប័ណ្ណគ្រីបតូ ដោយពឹងផ្អែកទៅលើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

ស្ថាបនិករបស់ក្រុមហ៊ុននេះបានអះអាងថា ខ្លួនបានទទួលអាជ្ញាប័ណ្ណពីអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS)។ ក្រុមហ៊ុន InvesableAI ធ្លាប់បានអួតអាងថា “នេះជាអាជីវកម្មដែលគួរឱ្យទុកចិត្តបាន ព្រោះយើងជាក្រុមហ៊ុនដែលបានចុះបញ្ជី និងមានអាសយដ្ឋានត្រឹមត្រូវនៅក្នុងប្រទេសសិង្ហបុរី”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែ យោងតាមការត្រួតពិនិត្យដោយកាសែត The Straits Times លើព័ត៌មានលម្អិតនៃកំណត់ត្រារបស់ក្រុមហ៊ុន InvesableAI បានរកឃើញភាពមិនស្របគ្នាជាច្រើន រួមទាំងអាសយដ្ឋានចុះបញ្ជីរបស់ក្រុមហ៊ុន សញ្ជាតិ និងអាសយដ្ឋានរបស់នាយកបរទេស និងអត្តសញ្ញាណរបស់នាយកប្រចាំនៅសិង្ហបុរី។

យោងតាមរបាយការណ៍នានាបានបង្ហាញថា មនុស្សជាង៤.០០០នាក់បានចូលរួមបណ្តាក់ទុនវិនិយោគនៅក្នុងគម្រោងរបស់ក្រុមហ៊ុន InvesableAI។ ប៉ុន្តែ ទុនវិនិយោគសរុបដែលក្រុមហ៊ុនទទួលបាន គឺមិនទាន់មាននរណាដឹងច្បាស់លាស់នៅឡើយទេ ប៉ុន្តែក្រុមវិនិយោគិនប្រហែល១៥០នាក់ បានអះអាងថា ពួកគេខាតបង់ប្រាក់អស់យ៉ាងហោចណាស់១,៥លានដុល្លារអាមេរិក។

ស្ត្រីជនជាតិអាមេរិកម្នាក់ អាយុ៤៦ឆ្នាំម្នាក់បានអះអាងថា លោកស្រីធ្លាប់តែជឿជាក់លើក្រុមហ៊ុននេះ ព្រោះតែក្រុមហ៊ុនបានសន្យាប្រកាន់តម្លាភាព និងផ្តល់ភាពងាយស្រួលសម្រាប់ការវិនិយោគក្នុងរូបិយប័ណ្ណគ្រីបតូ។

ស្ត្រីជាជនជាតិអាមេរិករូបនេះបានបោះទុនជាង១៥.០០០ដុល្លារអាមេរិកទៅក្នុងគម្រោងរបស់ក្រុមហ៊ុន InvesableAI នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែរយៈពេលប្រហែល២ខែក្រោយមក ក្រុមហ៊ុនបានជូនដំណឹងដល់លោកស្រី និងវិនិយោគិនផ្សេងទៀតថា ការដកប្រាក់នឹងត្រូវផ្អាកជាបណ្តោះអាសន្ន។

នៅក្នុងសារអុីមែលកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលផ្ញើទៅកាន់ក្រុមវិនិយោគិន ក្រុមហ៊ុនបានលើកឡើងថា នៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូមានភាពប្រែប្រួលខ្លាំង និងបានស្នើសុំរយៈពេល៤០ថ្ងៃដើម្បីស្ដារការខាតបង់។

សារអុីមែលនោះត្រូវបានចុះហត្ថលេខាដោយលោក Lee Dalton ដែលត្រូវបានកំណត់អត្តសញ្ញាណនៅលើគេហទំព័ររបស់ក្រុមហ៊ុនថា ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ។ ប៉ុន្តែ រយៈពេល៦ខែក្រោយមក អ្នកវិនិយោគបានបញ្ជាក់ឱ្យដឹងថា ពួកគេមិនទាន់ទទួលបានប្រាក់របស់ពួកគេមកវិញនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here