វិស័យឧស្សាហកម្មនៅកម្ពុជា នឹងងើបឡើងវិញក្នុងអត្រា ៤,១ភាគរយ នៅឆ្នាំក្រោយ

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ វិស័យឧស្សាហកម្ម ដែលជាវិស័យស្នូលមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា អាចនឹងងើបឡើងវិញក្នុងកម្រិត ៤,១ភាគរយក្នុងឆ្នាំ២០២១ បន្ទាប់ពីវិស័យនេះបានព្យាករណ៍ថាធ្លាក់ចុះ-២,២ភាគរយក្នុងឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ។

សេចក្តីព្រាងច្បាប់ដដែលនេះ បានឱ្យដឹងថា ដោយសារតែរំពឹងទុកនូវការងើបឡើងវិញក្នុងកម្រិតទាបនៃអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់ និងខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានរំពឹងថានៅរក្សាបានកំណើនល្អប្រសើរ។

អនុវិស័យកាត់ដេរ ត្រូវបានរំពឹងថានឹងកើនឡើងក្នុងកម្រិតទាបដោយសារតែការរំពឹងទុកពីការងើបឡើងវិញយឺតនេះតម្រូវការខាងក្រៅ។ អនុវិស័យនេះក៏ត្រូវប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងក្នុងការដណ្ដើមយកទីផ្សារផងដែរ។

ស្របគ្នានេះ អនុវិស័យសំណង់ក៏ត្រូវបានរំពឹងថានឹងងើបឡើងវិញក្នុងអត្រាកំណើនទាប ដោយសារតែការកើនឡើងវិញយឺតនៃលំនូវទុនវិនិយោគ ជាពិសេសពីប្រទេសចិន និងតម្រូវការពេលវេលា ដើម្បីស្ដារទំនុកចិត្តរបស់វិនិយោគិនឡើងវិញ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញផងដែរថា នៅក្នុងរយៈពេលមានការរាលដាលនៃកូវីដ១៩ បណ្ដាសហគ្រាសធុនតូច និងធំមួយចំនួន បានបិទទ្វារ តែយ៉ាងក៏មានរោងចក្រ និងសហគ្រាសមួយចំនួនបើកថ្មីដែរ។ តែយ៉ាងណា ក្រសួងក៏បានទទួលស្គាល់ពីការបាត់បង់ការងារពីសំណាក់បងប្អុនកម្មករ កម្មការិនីកម្ពុជារាប់ម៉ឺននាក់ ដោយសារតែកូវីដ១៩ ក្នុងឆ្នាំ២០២នេះ។

របាយការណ៍មួយពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបង្ហាញពីការធ្លាក់ចុះនៃការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលជាផ្នែកមួយសំខាន់នៃវិស័យឧស្សាហកម្មកម្ពុជាផងដែរ។ ប៉ុន្តែការធា្លក់ចុះនេះ ជាបរិមាណ ដែលអាចគ្រប់គ្រងបាន និងរំពឹងថាអាចមានកំណើនឡើងវិញនៅឆ្នាំក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here