ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៥ បានបង្ហាញស្ថានភាពចំណូលវិជ្ជមានក្នុងត្រីមាសទី៣ ឆ្នាំនេះ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៥ បានបង្ហាញលទ្ធផលចំណូល ដែលមានវិជ្ជមានគួរឱ្យកត់សម្គាល់ក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ បើទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ ដែលបណ្តាលឱ្យវិស័យជាច្រើនទទួលរងផលប៉ះពាល់យ៉ាងខ្លាំងក៏ដោយ។

ធនាគារ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៥ ដែលបានបង្ហាញពីរបាយការណ៍ចំណូលប្រចាំត្រីមាសទី៣ រួមមាន៖
ទី១, ធនាគារអេស៊ីលីដា
សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ សម្ព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ីទទួលបានចំណូលសរុបចំនួន ៥៨៤,២៥ប៊ីលានរៀល ដែលមានចំនួនប្រហាក់ប្រហែលគ្នា ទៅនឹងចំណូលសរុបក្នុងត្រីមាសទី៣ ឆ្នាំ២០១៩និងប្រាក់ចំណេញចំនួន ១៤១,៩៥ប៊ីលានរៀល ដែលកើនឡើងចំនួន ២៦,៩៨ប៊ីលានរៀល ស្មើនឹង ២៣,៤៧%ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩។

ទី២, ធនាគារ ហត្ថា
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ធនាគារ ហត្ថា ម.ក សម្រេចបានប្រាក់ចំណេញមុនដកពន្ធចំនួន ៦៥.៨៤០.៦៥៩.០០០ រៀលកើនឡើងចំនួន ២៥.៤៨០.៥៧៤.០០០រៀល សើ្មនឹង ៦៣,១% និងចំណូលសរុបមានចំនួន ១៨១.៦១៩.៣២៦.០០០ រៀល កើនឡើងចំនួន ២៦.១៧២.១០១.០០០ រៀល សើ្មនឹង ១៦,៨% ធៀបនឹងរយៈពេល៣ខែឆ្នាំមុន។

ទី៣, ធនាគារ ភ្នំពេញ ពាណិជ្ជ
ក្នុងត្រីមាសទី៣ ឆ្នំា២០២០ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំណូលសរុបចំនួន ៧៤,៧៨៤លាន រៀល កើនជាងត្រីមាសទី៣ ឆ្នំា២០១៩ ចំនួន ១១,៣០៣លាន រៀល ស្មើនឹង ១៧.៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៦,៨៧៥លាន រៀល កើនចំនួន ១,៩២៥លាន រៀល ស្មើនឹង ១២.៩% បើធៀប នឹងត្រីមាសទី៣ ឆ្នំា២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៤, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់
ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក មានចំណូលការប្រាក់សរុបចំនួន ៤៤០.៨០៣ លានរៀល កើនជាងត្រីមាសទី៣ ឆ្នាំ២០១៩ ចំនួន ៣៩.១៨០ លានរៀល ស្មើនឹង ៩,៧៦% និងប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទបញ្ចប់៣ខែ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ សរុបចំនួន ១០៤.០៤៣ លានរៀល ថយចុះចំនួន ១.២៨១ លានរៀល ស្មើនឹង -១,២២% បើប្រៀបធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩។

ទី៥, គ្រឹស្ថានហិរញ្ញវត្ថុ អិលអូអិលស៊ី
ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានចំណូលការប្រាក់សរុបចំនួន ១៦៦.៥១៨ លានរៀល កើនជាងត្រីមាសទី៣ ឆ្នាំ២០១៩ ចំនួន ២៩.៤៧៣ លានរៀល ស្មើនឹង ២២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៥.៤៤៥ លានរៀល ថយចុះ ចំនួន ១៤,៤៩០ លានរៀល ស្មើនឹង ៣៦% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩។

លោកបណ្ឌិតអ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានអះអាងថា ទោះបីជាក្ពុជាជួបនឹងវិបត្តិដោយសារតែកូវីដ១៩ក្ដី តែធនាគារដែលមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជានៅតែមានប្រាក់ចំណេញ គ្រាន់តែប្រាក់ចំណេញឆ្នាំនេះ ខុសពីឆ្នាំមុនប៉ុណ្ណោះ។

លោក មានប្រសាសន៍កាលពីថ្មីៗនេះថា ការធ្វើអាជីវកម្មនានាតាមធម្មតាគឺត្រូវតែមានប្រាក់ចំណេញ ជាក់ស្ដែងធនាគារអេស៊ីលីដាជាដើម តែមុននឹងធ្វើការបោះផ្សាយប្រាប់ដល់សាធារណជន គឺត្រូវឆ្លងកាត់ការធ្វើសវនកម្មជាមុនសិន ទើបអាចបោះផ្សាយបាន។ តែយ៉ាងណាសម្រាប់ប្រាក់ចំណេញរបស់ស្ថាប័នគឺវាប្រាកដណាស់នឹងមានការប៉ះពាល់ ដោយសារតែកូវីដ១៩។

លោកបន្ថែមថា ដោយសារតែវិធានការរបស់រាជរដ្ឋាភិបាលក្នុងការជួយស្រោចស្រង់ដល់វិស័យឯកជន បានធ្វើឱ្យផលប៉ះពាល់មកលើធនាគារ បានកាត់បន្ថយទំហំនៃការប៉ះពាល់មកលើធនាគារក៏កាន់តែតិច ដើម្បីពាណិជ្ជករដកឃ្លាពង្រឹងអាជីវកម្មរបស់ខ្លួន ធ្វើយ៉ាងណាឱ្យលូតលាស់បន្ថែម ហើយស្ថាប័នឱ្យខ្ចី នៅតែមានកំលាំងទុន ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការរបស់ទីផ្សារនៅក្នុងដំណាក់ ដែលមានជំងឺឆ្លងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here