អ្នកជំនាញ៖ បច្ចុប្បន្ន​ឱកាស​ដ៏​ល្អ​សម្រាប់​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យក្នុងអំឡុងពេល​មាន​វិបត្តិ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ បណ្តា​អ្នកជំនាញ​បាន​លើកឡើងថា នៅក្នុង​ស្ថានភាព​ដែល​កំពុងមាន​ភាព​ប្រឈម ឬ​វិបត្តិ​សេដ្ឋកិច្ច ជា​ឱកាសល្អ​សម្រាប់​ពួកគេ ក្នុង​ការប្រមូលទិញ​អចលនវត្ថុ​ទាំងឡាយណា​ដែលមាន​តម្លៃ​ក្រោម​ទីផ្សារ សម្រាប់​អ្នកវិនិយោគ​ដែលមាន​ធនធាន​គ្រប់គ្រាន់ និង​មាន​ចរន្ត​សាច់ប្រាក់​ល្អ ហើយ​ត្រៀម​ទុក​វិនិយោគ​បន្ត យកចំណេញ​ក្រោយពេល​ស្ថានភាព​ប្រែប្រួល ទៅរក​ភាពល្អប្រសើរ​វិញ ខណៈពេលដែល​ទីផ្សារ​មាន​លំនឹង​វិញ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​កាលពីថ្មីៗនេះ​ថា នៅពេលដែល​កើតមាន​វិបត្តិ​សេដ្ឋកិច្ច​កើតឡើង ច្បាស់​ណស់​ថា វិស័យ​ជាច្រើន​នឹង​ទទួលរង​នូ​ល​ប៉ះពាល់ ហើយនឹង​ទាញ​ឱ្យ​តម្លៃ និង​តម្រូវការ​ទីផ្សារ មានការ​ធ្លាក់ចុះ​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​ធនធាន​គ្រប់គ្រាន់ មិន​ពាក់ព័ន្ធ​ទៅនឹង​បំណុល​ណាមួយ ហើយ​ចេះ​ឆ្លៀត​យក​ឱកាស នោះ​វា​នឹង​ផ្តល់​ចំណេញ​យ៉ាងច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “ដោយសារតែ​ប្រទេស​កម្ពុជា​បាន និង​កំពុងមាន​ការអភិវឌ្ឍ​ន៍​ទៅតាម​គោលដៅ ដែល​បានកំណត់​ក្រោម​ការដឹកនាំ ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើឱ្យ​សេដ្ឋកិច្ច​មាន​លំនឹង ជាពិសេស​ផ្តល់នូវ​ប្រយោជន៍​ដល់​អ្នកវិនិយោគ​នៅក្នុង​វិស័យ​អចលនវត្ថុ​ជាច្រើន” ។ លោក​បន្តថា “បច្ចុប្បន្ន​ក៏​នៅតែ​បន្ត​ទទួលបាន​នូវ​ផ្លែផ្កា​ពី​ការវិនិយោគ បើទោះជា​ប្រទេសជាតិ កំពុង​ស្ថិតនៅ​ក្នុងការ​គំរាមកំហែង​ពី​វិបត្តិ​នៃ​ជំងឺ Covid-19 ក៏ដោយ” ។

លោក​បាន​បន្តថា ដោយឡែក​នៅពេល​បច្ចុប្បន្ន​នេះ អាស្រ័យ​ដោយមាន​ការគំរាមកំហែង​ពី​វិបត្តិ​សេដ្ឋកិច្ច​នាពេលនេះ បានធ្វើឱ្យ​ទីផ្សារ​នៃ​វិស័យ​មួយចំនួន​មានការ​ធ្លាក់ចុះ។ ដោយឡែក​សម្រាប់​ទីផ្សារ​អចលនទ្រព្យ ជាពិសេស​ដីធ្លី​នៅពេលនេះ មួយចំនួនធំ​ត្រូវបាន​គេ​ដាក់លក់​ជាមួយ​តម្លៃ ក្រោម​ទីផ្សារ​ដោយសារ​កត្តា​បង្ខំ​មួយចំនួន ដូច្នេះ​សម្រាប់​អ្នក​ដែលមាន​ធនធាន​គ្រប់គ្រាន់ មិន​ជាប់​ពា​កើ​ព័ន្ធ​នឹង​បំណុល​ធនាគារ គឺមាន​ឱកាស​ច្រើន​ក្នុង​ការទិញ​ទុក​លក់​យកចំណេញ ក្រោយ​ពេលដែល​បញ្ហា​នៃ​វិបត្តិ​ត្រូវបាន​បញ្ចប់ ហើយ​សេដ្ឋកិច្ច​ចាប់ផ្តើម​មាន​កំណើន​ឡើងវិញ ប្រៀប​ដូច​កាលពី​ឆ្នាំ២០០៨យ៉ាង​ដូច្នោះ។

ជាមួយគ្នានេះ លោក​ខន គង្គា អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ ERA Cambodia  បាន​ថ្លែងថា “អ្នក​ដែលមាន​លុយ​គ្រប់គ្រាន់ ភាគច្រើន​តែងតែ​ឆ្លៀត​ឆក់យក​ឱកាស​ដែល​មនុស្ស​ភាគច្រើន កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច ដើម្បី​បង្កើន​ទ្រព្យរ​សប់​ខ្លួន” ។

លោក​បាន​បន្តថា នៅក្នុង​ស្ថានភាព​នាពេល​បច្ចុប្បន្ននេះ សម្រាប់​ទីផ្សារ​ខុន​ដូ គឺ​ត្រូវបាន​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដាក់លក់​នៅក្នុង​តម្លៃ​មួយ​សមរម្យ​បំផុត ដែល​ស្របទៅនឹង​កម្រិត​នៃ​សេដ្ឋកិច្ច​បច្ចុប្បន្ន។ ប៉ុន្តែ​នៅត្រឹម​រយៈពេល​ប្រមាណ២ -៣ឆ្នាំ​ខាងមុខ​ទៀត ដែល​គម្រោង​សាងសង់​នឹងត្រូវ​បានបញ្ចប់ លេចចេញ​ជា​រូបរាង ហើយ​កំណើនសេដ្ឋកិច្ច​ចាប់ផ្តើម​មាន​សន្ទុះ​ឡើងវិញ នោះ​តម្លៃ​ខុន​ដូ​នឹង​កើន​ឡើងថ្លៃ​ជាង​ពេលបច្ចុប្បន្ន។

លោក​បន្តថា “សរុបមក សម្រាប់​អ្នក​ដែលមាន​លុយ​គ្រប់គ្រាន់ ក្នុង​ការទិញ​នៅពេលនេះ សម្រាប់​លក់​បន្ត​នៅ​ថ្ងៃ​ខាងមុខ​វា​គឺជា​ឱកាស​ដ៏​ល្អ និង​កម្រ​មាន​បំផុត” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here