កម្ពុជាមានគំរោងទាក់ទាញការវិនិយោគពីអាហ្រ្វិកខាងត្បូង

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំក្រុមការងារទទួលជួប ពិភាក្សាការងារជាមួយ លោកDarkey Africa ឯកអគ្គរដ្ឋទូត នៃស្ថានទូតអាហ្វ្រិកខាងត្បូង ដែលមាននិវាសនដ្ឋាននៅទីក្រុងបាងកក។

គោលបំណងនៃជំនួបនេះ ដើម្បីពិភាក្សាអំពីគម្រោងរៀបចំព្រឹត្តិ ការណ៍ជំរុញ និងទាក់ទាញវិនិយោគ ទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងអំណរគុណ ជូនចំពោះភាគីមិត្តដែលបានចំណា​យពេលវេលាដ៏មានតម្លៃ អញ្ជើញមកពិភាក្សាការងារជាមួយ គ.វ.ក. ដើម្បីចាប់ផ្តើមគូសវាស នូវឯកសារទស្សនទាន សំដៅរៀបចំព្រឹត្តិកា​រណ៍ជំរុញ និងទាក់ទាញវិនិយោគិន មកពីប្រទេសអាហ្វ្រិកខាងត្បូង ឱ្យមកស្វែងរកកាលានុវត្តភាព វិនិយោគនៅកម្ពុជាលើវិស័យ និងសកម្ម​ភាពវិនិយោគ ដែលមានសក្តានុពលខ្ពស់ មានជាអាទិ៍វិស័យកសិ-ចំណីអាហារ, ឧស្សាហកម្ម, ឡូជីស្ទីក, យានយន្ត និងអេឡិចត្រូនិក។

ជាមួយគ្នានេះ លោកបានបង្ហាញជំនឿចិត្តថា បេសកកម្មទាក់ទាញ និងគោះទ្វារវិនិយោគិន ទៅកាន់តំបន់អាហ្វ្រិកខាងត្បូងនាឆ្នាំនេះ នឹងក្លាយទៅជាព្រឹត្តិការណ៍ ជំរុញវិនិយោគជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងជាថ្នាលទាក់ម៉ូយបន្ថែម ឱ្យមកសិក្សាសមិទ្ធិលទ្ធភាព ព្រមទាំងបណ្តាក់ទុនវិនិយោគ នៅតាមបណ្តារាជធានី ខេត្តដែលជារបៀងសេដ្ឋកិច្ចជាតិ, អនុតំបន់, និងតំបន់។

ជាការឆ្លើយតប សមភាគីបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងលើសំណើ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបានប្តេជ្ញាជំរុញ​ស្មារតីនៃកិច្ចពិភាក្សានេះ ឱ្យក្លាយទៅជាសកម្មភាពពិតប្រាកដ ដើម្បីឆ្លុះបញ្ចាំងនូវផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការប្រកប ដោយភាពជាក់ស្តែងនិយមរវាងកម្ពុជា និងប្រទេសអាហ្វ្រិកខាងត្បូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here