តើវិស័យសំខាន់ណាខ្លះ ដែលរដ្ឋាភិបាលគ្រោងចំណាយថវិកាច្រើនជាងគេ ក្នុងឆ្នាំ២០២១?

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ក្នុងថវិកាដែលរដ្ឋាភិបាលកម្ពុជាគ្រោងនឹងចំនាយប្រមាណ៣២ទ្រីលានរៀល ឬប្រមាណជិត៨ពាន់លានដុល្លារអាមេរិក មានវិស័យ៤សំខាន់ដែលរដ្ឋាភិបាលគ្រោងចំណាយច្រើនជាងគេ។ 


យោងតាមខ្លឹមសារសង្ខេបប្រតិបត្តិស្ដីពីសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១បានឱ្យដឹងថា វិស័យសំខាន់៤ដែលរដ្ឋាភិបាលគ្រោងនឹងចំណាយធំក្នុងឆ្នាំ ២០២១នោះរួមមាន៖ 

១. វិស័យរដ្ឋបាលទូទៅ គ្រោងចំណាយជិត២ទ្រីលានរៀល ឬស្មើនឹង១,៦៧ភាគរយនៃផលិតផលក្នុងស្រុកសរុប តែបើធៀបនឹងឆ្នាំ ២០២០ ថយចុះ-២១,៥ភាគរយ។ 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២.វិស័យ ការពារជាតិ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណណៈ គ្រោងនឹងចំណាយជិត៥ទ្រីលានរៀល ឬប្រមាណ៤,០៤ភាគរយនៃផលិតផលក្នុងស្រុកសរុប តែបើធៀបនឹងឆ្នាំ ២០២០ ថយចុះ-០,៥ភាគរយ។ 

ទី៣. វិស័យសង្គមកិច្ច គ្រោងចំណាយជិតិ៨ទ្រីលានរៀល ឬស្មើនឹងប្រមាណ៦,៦៣ភាគរយនៃផលិតផលក្នុងស្រុកសរុប ថយចុះ -០,៦ភាគរយធៀបនឹងឆ្នាំ២០២០។

ចំណែកវិស័យសំខាន់មួយទៀត គឺវិស័យសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានគ្រោងនឹងចំណាយប្រមាណ ៦,៤ទ្រីលានរៀល ឬប្រមាណ៥,៤៥ភាគរយ ថយចុះ-១២,៣ភាគរយ ធៀបនឹងឆ្នាំ ២០២០។ 

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលជំងឺកូវីដ-១៩ ដែលនាំមកនូវផលប៉ះពាល់ បញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមក ចំពោះតំបន់ និងពិភពលោកទាំងមូល។ 

កម្ពុជាក៏មិនអាចគេចរួចពីផលវិបាកអាក្រក់ទាំងនេះដែរ ហើយបាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺនេះមកលើបញ្ហាសុខភាពសង្គម-សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេសគ្រួសារប្រជាជនក្រីក្រ និងងាយរងគ្រោះ។ 

លោកអគ្គបណ្ឌិតសភាចារ្យ បានបន្តថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នឹងរក្សាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងការស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចក៏ដូចជាដើម្បីសម្រេចឱ្យបាននូវគោលដៅសំខាន់ៗនៃកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។ 

ពិសេសការជំរុញអនុវត្តកិច្ចការកែទម្រង់គ្រប់វិស័យក្នុងឆ្នាំ២០២១ ដែលជាឆ្នាំពាក់កណ្ដាលអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ សំដៅឈានទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រទេសកម្ពុជា ដែលចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានមោទនភាពជាតិ មានអនាគតដ៏រុងរឿងភ្លឺស្វាង ត្រចះត្រចង់ និងជារដ្ឋអធិបតេយ្យមួយរឹងមាំ ដែលគោរពខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ និងមានសន្តិភាពពេញលេញ ព្រមទាំងមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។ 

លោកបន្ថែមថា ថវិកាឆ្នាំ២០២១ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលអាចជួយរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស សំដៅធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងការពារអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ១៩ ព្រមទាំងស្ដារនិងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចក្រោយពីវិបត្តិកូវីដ១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here