សហគ្រិនឆ្នើមក្នុងស្រុក ៤រូប ចងក្រងគ្នាជាបណ្ដាញ ដើម្បីជួយដល់អាជីវកម្មទើបចាប់ផ្តើមថ្មីៗ

ដោយ៖ 

ភ្នំពេញ ៖ សហគ្រិនក្នុងស្រុក៤រូប ចាត់ទុកជាសហគ្រិនឆ្នើមផងនោះ បានចងក្រងជាបណ្ដាញមួយ ដែលមានឈ្មោះថា CEO Premium ដើម្បីជួយដល់សហគ្រិនដទៃទៀត ជាពិសេសសហគ្រិនដែលទើបចាប់ផ្ដើមអាជីវកម្ម ឱ្យចូលមកក្នុងចង្កោមរួមគ្នាដោះស្រាយបញ្ហានានានៃអាជីវកម្ម។ 

ថ្លែងនៅក្នុងពិធីជួបជុំសហគ្រិនថ្មីៗមួយចំនួន កាលពីចុងសប្ដាហ៍កន្លងទៅនេះ អ្នកស្រីពេជ្រ ស្រីមុំ អគ្គនាយិកានៃCEO Premium បានថ្លែងថា ការងារអ្វីក៏ដោយ បើធ្វើម្នាក់ឯង វាមិនងាយជោគជ័យនោះទេ ដូច្នេះយើងត្រូវរួមគ្នាធ្វើការងារជាក្រុម ជាពិសេសសហគ្រិនទើបបង្កើតអាជីវកម្មដំបូង ដែលមិនទាន់មានបទពិសោធន៍ក្នុងការធ្វើអាជីវកម្ម។ 

លោកស្រីបន្តថា “រហូតមកដល់ពេលនេះ បណ្ដុំសហគ្រិនCEO Premium ក៏ដូចជាបណ្ដុំសហគ្រិនផ្សេងទៀតបានជួយដល់សហគ្រិនក្នុងស្រុកជាច្រើនហើយ ហើយសម្រាប់សមាជិកនៃ CEO Premium យើងនឹងជ្រើសរើសយកអ្នកដែលស័ក្ដិសមនឹងតំណែងរបស់សមាជិកនៃCEO Premium”។

លោកសូ តារារ័ត្ន សមាជិកនៃCEO Premium និងជាអគ្គនាយករងនៃក្រុមហ៊ុនសូ ងួន គ្រុប បានមានប្រសាសន៍ផងដែរថា កត្តាដែលជំរុញឱ្យលោកចូលរួមក្នុងCEO Premium នេះ ព្រោះមើលថាវានឹងផ្ដល់ប្រយោជន៍ដល់សហគ្រិនក្មេងៗជំនាន់ក្រោយ ដែលនឹងអាចជួយឱ្យជំរុញឱ្យអាជីវកម្មរបស់ពួកគេមានការរីកលូតលាស់ទៅមុខថែមទៀត ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា នៅពេលចាប់ផ្ដើមចូលជាសមាជិករបស់CEO Premium នេះ លោកបានដាក់ផែនការមួយចំនួនជាមួយរួចហើយដើម្បីអនុវត្តន៍ ហើយនៅក្នុងផែនការទាំងនោះ នឹងអាចជួយសមាជិកថ្មីៗដែលនឹងចូលរួមជាមួយពួកលោក ព្រមទាំងអាជួយគ្នាទៅវិញទៅមក ព្រោះថាមនុស្សច្រើនគំនិតច្រើ ។ បន្ទាប់មកទៀតពួកយើងនឹងអាចបង្កើតជាអាជីវកម្មជាមួយគ្នាទៀតផងនៅពេលខាងមុខនេះ ។

លោកស្រី អគ្គនាយិកាCEO Premium បានបញ្ជាក់ថា ស្ថិតនៅក្នុងសេដ្ឋកិច្ចកំពុងមានបញ្ហានេះ វាជាឱកាសមួយសម្រាប់អ្នកជំនួញក្នុងការចាប់យកជំនួញថ្មីៗអាចទទួលបានផលចំណេញច្រើន ជាក់ស្ដែងនៅពេលប្រជាជនភ័យខ្លាចពីកូវីដ១៩ ហើយមិនសូវមានអ្នកចេញក្រៅផ្ទះនោះទេ ដូច្នេះសេវាដឹកជញ្ជូនជូនអតិថិជនគឺជាអាជីវកម្មមួយដែលត្រុវប៉ាន់ និងអាចរកចំណូលបានច្រើនសម្រាប់ម្ចាស់អាជីវកម្ម ដែលជំរុញឱ្យសហគ្រិនចាប់ផ្ដើមអាជីវកម្មមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here