តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះ ក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ ដោយបានបន្តការខាតបង់ពីវគ្គមុន ស្របពេលដែលទីផ្សារមានការព្រួយបារម្ភថា ការកើនឡើងនៃអតិផរណាខ្ពស់ជាងការរំពឹងទុក អាចពន្យារពេលការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣៤សេនដល់៨១,២៨ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0121 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានធ្លាក់ចុះ៣៣សេនមកនៅត្រឹម៧៦,១៦ដុល្លារក្នុងមួយបារ៉ែល។

លោក Christopher Waller អភិបាលធនាគារកណ្តាលអាមេរិក (Fed) បានមានប្រសាសន៍ឱ្យដឹងកាលពីសប្តាហ៍មុនថា លោកមិនប្រញាប់សម្រេចចិត្ត ក្នុងការកាត់បន្ថយអត្រាការប្រាក់លឿនពេកនោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ ការកើនឡើងនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) និងតម្លៃអ្នកផលិត(PPI) របស់សហរដ្ឋអាមេរិក កាលពីខែមករាកន្លងទៅ ក៏បានធ្វើឱ្យការរំពឹងទុកចំពោះឱកាសនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក មានការធ្លាក់ចុះផងដែរ។

យោងតាមទិន្នន័យដាច់ដោយឡែកបានបង្ហាញថា ចំនួនជនជាតិអាមេរិក ដែលដាក់ពាក្យស្នើសុំជំនួយពីរដ្ឋ នៅពេលពួកគេគ្មានការងារធ្វើ បានធ្លាក់ចុះដោយមិននឹកស្មានដល់ កាលពីសប្តាហ៍មុន ដែលទិន្នន័យនេះបង្ហាញថា កំណើនការងារនឹងនៅតែមានភាពរឹងមាំនៅក្នុងខែកុម្ភៈ។

ចំណែក សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនស្នូល (PCE) របស់សហរដ្ឋអាមេរិក គ្រោងនឹងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយក្រុមសេដ្ឋវិទូព្យាករថា សន្ទស្សន៍នេះនឹងកើនឡើង០,៤ភាគរយ។

បន្ទាប់ពីចេញផ្សាយទិន្នន័យខាងលើ ក្រុមអ្នកវិភាគបានវាយតម្លៃឡើងវិញថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលអាចពន្យារពេលរហូតដល់ខែមិថុនាខាងមុខ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃ០,០៤ភាគរយ ដល់១០៤,០១ពិន្ទុ។

ទន្ទឹមគ្នានេះ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរ នៅថ្ងៃច័ន្ទនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យអតិផរណាអាមេរិកសំខាន់ៗ ដែលអាចជះឥទ្ធិពលដល់ការកំណត់គោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

តួយ៉ាង សន្ទស្សន៍​ផ្សារហ៊ុន​អាស៊ី​ប៉ាស៊ីហ្វិក​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​បានធ្លាក់ថ្លៃចុះ០,៤០ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានងើបឡើងថ្លៃ១,៧ភាគរយដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៧ខែកាលពីសប្តាហ៍មុន។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៥៧ភាគរយ។

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៥៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៤០ភាគរយ។

ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,០៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៥៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here