ហេតុអ្វី​អ្នក​អភិវឌ្ឍន៍​នៅ​កម្ពុជា អះអាងថា ស្ថានភាព​លំនៅដ្ឋាន​នៅតែ​រឹងមាំនៅ​ចុងឆ្នាំ២០២០នេះ?

ដោយៈ​សាវុធ

ភ្នំពេញៈ វិស័យ​លំនៅដ្ឋាន​នៅ​កម្ពុជា នៅតែ​បន្ត​មាន​កំណើន និង​មាន​សកម្មភាព​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ បើទោះបីជា​ឥទ្ធិពល​នៃ​វិបត្តិ​ជំងឺ Covid-19 បណ្តាល​ធ្វើ​វិស័យ​ដទៃ​មាន​ភាព​ថមថយ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal លោក​ឧកញ៉ា នួន រឹទ្ធី ដែលជា​អ្នក​អភិវឌ្ឍន៍​បុរី​កៀនស្វាយ​ផាក បាន​មានប្រសាសន៍​កាលពី​ចុង​សប្តាហ៍​នេះ​ថា លំនៅដ្ឋាន​គឺជា​តម្រូវ​ការចាំបាច់​បំផុត​សម្រាប់​មនុស្ស​ទូទៅ ហើយ​កំណើន​នៃ​ការអភិវឌ្ឍ សាងសង់​លំនៅដ្ឋាន​នាពេលនេះ ក៏​នៅ​មិនទាន់​គ្រប់គ្រាន់​ទៅនឹង​តម្រូវ​នៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ឧកញ៉ា​បន្តថា “យើង​ឃើ​ថា ការសាងសង់​លំនៅដ្ឋាន​នៅពេល​បច្ចុប្បន្ននេះ​គឺមាន​កំណើន​ច្រើន ប៉ុន្តែ​ឆ្លើយតប​ទៅនឹង​សំណួរ​សួរថា តើ​កំណើន​នៃ​ការសាងសង់​នៅពេលនេះ​ច្រើន​លើស​តម្រូវការ​ទីផ្សារ​ហើយ​ឬ​នៅ ខ្ញុំ​ថា​នៅទេ ហើយ​តម្រូវការ​នៅមាន​ច្រើន​លើសពីនេះ​ទៀត” ។ លោក​បន្តថា“និយាយ​តែ​តំបន់​ក្រុង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កំនើន​ប្រជាសាស្ត្រ​កើន​ឡើងជា​បន្តបន្ទាប់ ជាក់ស្ដែង​ពេលនេះ​ប្រជាជន​រស់នៅ​រាជធានី​ភ្នំពេញ​មាន​មិន​ក្រោម៣លាន​នាក់​នោះទេ ដែល​ជម្រុញឱ្យមាន​តម្រូវការ​លំនៅដ្ឋាន សម្រាប់​ស្នាក់នៅ” ។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បន្តថា “កំណើន​នៃ​ការសាងសង់​លំនៅដ្ឋាន​រាប់ទាំង​បុរី និង​បណ្តុំ​លំនៅដ្ឋាន​ដែលមាន​លក្ខណៈ​ជា​បុរី គឺ​កើតមាន​នៅតាម​តំបន់​ជាយក្រុង​ជាច្រើន ជាពិសេស​នៅ​តំបន់​ផ្លូវជាតិ​លេខ១ លេខ៦ លេខ៣ លេខ៤ គឺមាន​សកម្មភាព​អភិវឌ្ឍន៍​យ៉ាង​លឿន។ ការអភិវឌ្ឍ​ទាំងនេះ នឹង​នៅតែ​បន្ត​កើនឡើង​បន្ថែមទៀត​រហូតដល់​ប្រមាណ៥ទៅ១០ឆ្នាំ​ខាងមុខ​ទៀត” ។

អគ្គនាយក​ក្រុមហ៊ុន PREMUIM Group លោក ម៉ាន់ ច័ន្ទ​ឌី ដែលជា​អភិវឌ្ឍន៍​លំនៅដ្ឋាន​ផងដែរ​នោះ បាន​មាន​សាសន៍​ស្រដៀង​គ្នា​នេះដែរ​ថា ជាមួយនឹង​កំណើន​ប្រជា​សា  ស្ត្រ​នៅពេលនេះ ក្នុង​មួយឆ្នាំ​តម្រូវការ​លំនៅដ្ឋាន មាន​ប្រមាណ៥ម៉ឺន​ខ្នង​ក្នុង​មួយឆ្នាំ ដូច្នេះ​កំណើន​នៃ​ចំនួន​លំនៅដ្ឋាន ដូចដែល​បានឃើញ​នៅពេល​បច្ចុប្បន្ន នៅ​មិនទាន់​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​នោះទេ។

លោក​បាន​បន្តថា “លំនៅដ្ឋាន​ដែល​កំពុងមាន​តម្រូវការ និង​មាន​ទីផ្សារ​ល្អ ជា​ប្រភេទ​លំនៅដ្ឋាន ដែលមាន​តម្លៃ​សមរម្យ ស្ថិតនៅក្នុង​ចន្លោះ​ប្រមាណ​ជាង៥ម៉ឺន​ដុល្លារ​រហូត​ទៅដល់១០ម៉ឺន​ដុល្លារ ហើយ​បើ​តម្លៃលើស​ពីនេះ ជា​ប្រភេទ​លំនៅដ្ឋាន​កម្រិត​ខ្ពស់ ដែល​ច្រើន​មាននៅ​តំបន់​កៀក​ក្រុង” ។

លោក​បាន​បន្តទៀតថា សម្រាប់​លំនៅដ្ឋាន ដែលមាន​តម្លៃ​សមរម្យ​ភាគច្រើន​មានការ​សាងសង់​នៅ​តំបន់​ជាយក្រុង​ដូចជា តំបន់​ទំនប់​កប់​ស្រូវ នៅ​តំបន់​ភាគខាងត្បូង​ក្រុង​ក្នុង​ខណ្ឌដង្កោ​ក្បែរផ្លូវ​ក្រវាត់ក្រុង​ទី៣ និង​មួយចំនួនទៀត​នៅ​តំបន់​ផ្លូវជាតិ​លេខ​៦A ។

តាមរយៈ​របាយការណ៍​និ​ន្នា​កំណើនសេដ្ឋកិច្ច​ជា​ផ្លូវ​ការណ៍​ដែល​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ2020នេះ បាន​បង្ហាញថា គិត​ត្រឹមតែ​រយៈពេល8ខែ ឆ្នាំ2020 កន្លងទៅនេះ ការស្នើសុំ​សាងសង់​សំណង់​ទូទៅ​នៅ​ទូទាំងប្រទេស​មានការ​កើនឡើង​រហូតដល់ 3350 គម្រោង កើនឡើង 455គម្រោង លើ​ផ្ទៃក្រឡា 11.4 លាន​ម៉ែត្រការ៉េ ធ្លាក់ចុះ​ប្រមាណ 4.8 ភាគរយ និង​មានតម្លៃ 5,081លាន​ដុល្លារ​អាមេរិក បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ​មានការ​ធ្លាក់ចុះ​ប្រមាណ 15,1ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here