ដោយៈសាវុធ
ភ្នំពេញៈ យោងតាមច្បាប់ស្តីពី ពន្ធដារកម្ពុជា ត្រូវបានបែងចែកប្រាក់ចំណូលជា២ យ៉ាងពោលគឺប្រាក់ចំណូលមិនជាប់ពន្ធ និងប្រាក់ចំណូលជាប់ពន្ធ។
ប្រាក់ចំណូលជាប់ពន្ធ
ប្រាក់ចំណូលជាប់ពន្ធ គឺជាប្រាក់ចំណូលសុទ្ធ បានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការ អាជីវកម្មគ្រប់ប្រភេទ រួមបញ្ចូលទាំងចំណូលមូលធន ដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្ម ព្រមទាំងប្រាក់ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគការប្រាក់ថ្លៃឈ្នួល និងសួយសារផង។
ប្រាក់ចំណូលជាប់ពន្ធក៏រួម បញ្ចូលផងដែរនូវចំណូលធនទាំងអស់ ពីអចលនទ្រព្យ ទ្រព្យហិរញ្ញវត្ថុឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិការនានា ក្រៅពីប្រតិបត្តិការអាជីវកម្ម។
ប្រាក់ចំណូលមិនជាប់ពន្ធ
ប្រាក់ចំណូលមិនជាប់ពន្ធសំដៅដល់ ប្រាក់ចំណូលរបស់រាជរដ្ឋាភិបាល ឬប្រាក់ចំណូលស្ថាប័នរាជរដ្ឋាភិបាល។ ប្រាក់ចំណូលរបស់អង្គការណាមួយ ដែលត្រូវបានរៀបចំឡើង និងដំណើរការសំរាប់គោលដៅ សុទ្ធសាធខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ និងគ្មានចំណែកណាមួយនៃទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន។
ប្រាក់ចំណូលរបស់អង្គការពលករ ឬសភាពាណិជ្ជកម្ម ឧស្សាហកម្ម ឬកសិកម្មក្នុងករណីដែលប្រាក់ចំណូលរបស់អង្គការទាំងនោះ មិនត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជនរបស់អ្នកចូលហ៊ុន ឬរូបវន្តបុគ្គល ក៏មិនត្រូវបង់ពន្ធ និងប្រាក់ចំណេញដែលបានមកពីការលក់ផលិតផលកសិកម្ម ដែលបុគ្គលមិនមែនជាអ្នកជាប់ពន្ធ តាមរបបពិតផលិតបានដោយខ្លួនឯង ទោះបីផលិតផលនោះមិនទាន់កែច្នៃ ឬកែច្នៃហើយក៏ដោយទៅតាមទំលាប់នៃការងារកសិកម្ម។
ប្រតិបត្តិការតាមមធ្យោបាយឧស្សាហកម្ម រួមទាំងការកែច្នៃការរក្សាគុណភាព ការវេចខ្ចប់សំរាប់លក់ ពុំត្រូវបានចាត់ទុកជាទំលាប់នៃការងារកសិកម្មឡើយ៕