ស្វាយរៀង ទទួលបានការវិនិយោគតំបន់សេដ្ឋកិច្ចពិសេសបៃតងតម្លៃ ១០០០លានដុល្លារ

ដោយ៖ សាវុធ

ភ្នំពេញ៖ ក្រុមហ៊ុន QiLu (Cambodia) Special Economic Zone Co Ltd អ្នកអភិវឌ្ឍន៍ និងប្រតិបត្តិករសួនឧទ្យានឧស្សាហកម្ម QiLu (ខេមបូឌា) ដែលគ្រប់គ្រងដោយជនជាតិចិន ក្នុងសប្តាហ៍នេះ បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្រ្តជាមួយសមាគមឧស្សាហកម្មការពារបរិស្ថាននៅកម្ពុជា (Epiac)។

ក្រុមហ៊ុន QiLu បានបង្កើតគម្រោងតំបន់សេដ្ឋកិច្ចពិសេសមួយមានទំហំដី ៤៥០ហិកតាសម្រាប់ក្រុងស្វាយរៀង ដែលជាមជ្ឈមណ្ឌលរដ្ឋបាលរបស់ខេត្ត ខណៈគម្រោងត្រូវបានរំពឹងថានឹងត្រូវចំណាយថវិកាចំនួន ១ពាន់លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសនេះនឹងស្ថិតនៅចម្ងាយ ៤ គីឡូម៉ែត្រពីទីប្រជុំជនភាគខាងត្បូងនៃផ្លូវជាតិលេខ ១។ ប្លង់មេនៃតំបន់ឧស្សាហកម្មនេះ បង្ហាញថា គម្រោងនេះស្ថិតនៅលើច្រាំងខាងជើងនៃទន្លេរបស់ខេត្តស្វាយរៀង។

កិច្ចព្រមព្រៀងនេះ មានគោលបំណងណែនាំ ក្រុមហ៊ុន QiLu ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលយកដចិត្តទុកដាក់លើបរិស្ថាន ហើយស្វាគមន៍វិនិយោគិនបរទេសមកខេត្តជាប់ព្រំដែននេះ។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះ ប្រធានក្រុមហ៊ុន QiLu លោក Xing Baoguo បានមានប្រសាសន៍ថា រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយនៅថ្ងៃទី២៨ ខែមីនាឆ្នាំ ២០១៧ បង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ។

លោក មានប្រសាសន៍ថា តំបន់នេះនឹងត្រូវសាងសង់ជា ៣ ដំណាក់កាល។ ដំណាក់កាលទី១ នឹងត្រូវដាក់នៅលើផ្ទៃដី ២១៥ ហិកតា ដំណាក់កាលទី២ នឹងមានទំហំ ១៤៥ ហិកតា ហើយដំណាក់កាលទី៣ នឹងបន្ថែម ៩០ហិកតា។

លោកបន្ថែមថា ឧស្សាហកម្មនេះនឹងត្រូវចែកជា ៦ ផ្នែក រួមមានសម្លៀកបំពាក់ វាយនភ័ណ្ឌ ផលិតផលឧស្សាហកម្មធុនស្រាល គ្រឿងម៉ាស៊ីន សម្ភារៈសំណង់ និងសារធាតុគីមី។

លោក បានបន្តថា “ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការផ្តោតលើអេកូឡូស៊ី និងបរិស្ថានជាគន្លឹះសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេស”។

លោក បានឱ្យដឹងថា “ដើម្បីធានាថា ធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងដើរតួជាត្រីវិស័យនៅក្នុងគម្រោងតំបន់ឧស្សាហកម្មបន្ថែម ក្រុមហ៊ុន បានដាក់អេកូឡូស៊ី និងបរិស្ថានស្ថិតនៅកំពូលនៃរបៀបវារៈផែនការអភិវឌ្ឍរបស់យើង”។

លោក Xing បានមានប្រសាសន៍ថា “ថ្ងៃនេះយើងបានសហការជាមួយ Epiac ដើម្បីជំរុញការអភិវឌ្ឍន៍បៃតងសម្រាប់តំបន់ឧស្សាហកម្មរបស់យើង និងដើម្បីបង្កើតតំបន់ឧស្សាហកម្មការពារបរិស្ថានដំបូងគេនៅកម្ពុជា”។

លោក Choon Yik Thong នាយកគ្រប់គ្រងសមាគម Epiac មានប្រសាសន៍ថា ការការពារបរិស្ថានគឺជាចំណុចស្នូល នៃរដ្ឋបាលរបស់រដ្ឋាភិបាល ចាប់តាំងពីមានឧស្សាហូបនីយកម្មនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here