តើ​ខេត្ត​កែប មាន​សក្តានុពលសំខាន់ៗអ្វីខ្លះ​ដែល​អាច​ទាក់ទាញ​វិនិយោគិន?

ដោយៈ សាវុធ

ភ្នំពេញៈ កែប ជា​ខេត្ត​ដ៏​តូច​ច្រឡឹង តែ​ប្រៀបដូចជា​កូនក្រមុំ​លាក់ខ្លួន ដែល​ខេត្ត​នេះ មាន​លក្ខណៈពិសេស​បំផុត ដោយ​វា​ជា​ខេត្ត​ទី១នៅ​កម្ពុជា ដែលមាន​ឧទ្យាន​ជាតិ​កណ្តាល​ក្រុង​តែមួយគត់។

ជាមួយនឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ខេត្ត​នេះ​ត្រូវបាន​ទទួលស្គាល់​ពី​គណកម្មការ វាយតម្លៃ​ទីក្រុង​ស្អាត​របស់​អាស៊ាន ដែល​បានផ្តល់​ពានរង្វាន់​ជា​ខេត្ត​មាន “ដី​ស្អាត ទឹកស្អាត និង​ខ្យល់​ស្អាត” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះ​រដ្ឋាភិបាល តាមរយៈ​ក្រសួងទេសចរណ៍ ក៏បាន​រៀប​ផែនការមេ ដើម្បី​ប្រែក្លាយ​ខេត្ត​នេះ​ជា “តំបន់​វិស្សមកាល​កម្រិត​ខ្ពស់”មួយ​នៅ​កម្ពុជា តាមរយៈ​ការមិន​ឲ្យ​មាន​រោងចក្រ សហគ្រាស និង​កាស៊ីណូ ដើម្បី​ប្រែក្លាយ​ខេត្ត ដែល​មានតែ​ស្រុក​មួយ និង​ក្រុង​ចំនួន១នេះ ជា​តំបន់​ទេសចរណ៍​ដ៏​ពិសិដ្ឋ។

អភិបាលខេត្ត​កែប  លោក​សោម ពិសិដ្ឋ បាន​ជំរុញ  និង​លើកទឹកចិត្ត  ដល់​អាជីវករ វិនិយោគិន​លើ​វិស័យ​ទេសចរណ៍ សណ្ឋាគារ  ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ខេត្ត​កែប​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ខណៈ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ បាន​នឹង​កំពុងមាន​ភាព​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍។

លោក​បាន​បន្តថា ដោយមាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​ម្ចាស់​សណ្ឋាគារ  ផ្ទះសំណាក់  អ្នកវិនិយោគ​គិ​ន  រួមជាមួយ​នូវ​ភ្ញៀវ​ជាតិ  អន្តរជាតិ​ជាច្រើនរូប។លោក​បន្តថា ក្នុង​គោលបំណង ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ  និង​អន្តរជាតិ​អោយមក​សម្រាក​កំសាន្ត  នៅ​ខេត្ត​កែប  ទីក្រុង​ទេសចរណ៍​កាន់តែច្រើន​ថែមទៀត  ខេត្ត​កែប​មាន​សក្តានុពលសំខាន់ៗ  ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍  ទាំង​ធនធានធម្មជាតិ លើគោក  ធាន​ធាន​ធម្មជាតិ​ក្នុង​សមុទ្រ  ឩ​ទ្យា​ជាតិ​កែប  កោះ  ឆ្នេរ សមុទ្រ  ស្អាតៗ  ជាច្រើន​កន្លែង ។

លោក​បន្តថា  ថ្នាក់ដឹកនាំ​ខេត្ត​កែប  បានកំណត់​ចក្ខុ​វ​ស័​យ​រួចហើយ​ថា  ខេត្ត​កែប ជា​តំបន់​ទេសចរណ៍ សម្រាក​ល​ម្អែ​កំសាន្ត​ប្រណិត​កម្រិត​ខ្ពស់ បរិស្ថាន​ល្អ កំណើន​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​មក​ស្នាក់នៅ​រយៈពេល​យូរ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ ប្រជាពលរដ្ឋ​គោរព​ច្បាប់ សុខុមាលភាព សមភាព​យេនឌ័រ សីលធម៌​រស់នៅ​ថៃ្ល​ថ្នូរ វប្បធម៌​រុងរឿង ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ​ខេត្ត​កែប ក៏​កំពុង​រៀបចំ​ឆ្នេរថ្មីៗ ដើម្បី​បំរើ​ដល់​ការកំសាន្ត​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ផងដែរ។

មាន​គ្រឿង​សមុទ្រ​ឆ្ងាញ់​ជាងគេ

ក្នុងចំណោម​ខេត្ត​ជាប់​តំបន់ឆ្នេរ​ទាំងអស់ ខេត្ត​កែប ជា​ខេត្ត​ដែលមាន​គ្រឿង​សមុទ្រ​ឆ្ងាញ់​ជាងគេ​ទាំងអស់ ដោយ​អ្នកជំនាញ​បាន​ពន្យល់ថា ដោយសារ​ខេត្ត​នេះ​មាន​លក្ខណៈ​អំ​ណោ​ល​ផល​ពី​ធនធានធម្មជាតិ ព្រោះ​ទឹកសមុទ្រ​ខេត្ត​នេះ​មាន​សា​រ៉ា​យ​សមុទ្រ​ច្រើន និង​មាន​ជីវៈចម្រុះ​សម្បូរបែប។

លោក​សោម ពិសិដ្ឋ​បាន​ឲ្យ​ដឹងផង​ដែរ​ថា ដើម្បី​សម្រេច​ចក្ខុ​វិស័យនេះ  រដ្ឋបាលខេត្ត​បាន រៀបចំ​ហេ​ដ្ឋា​រចនា​សម្ពន្ធ  ដូចជា​ពង្រីក​ប្រព័ន្ធ​ផ្លូវ​គមនាគមន៍ អោយបាន​ធំ​ទូលាយ  រៀបចំ​អោយមាន​ចំណតរថយន្ត​ត្រឹមត្រូវ  រក្សា​សុវត្ថិភាព  សណ្ត​ប់​ធ្នាប់​សាធារណៈ បាន​យ៉ាង​ល្អ  មាន​ប្រព័ន្ធ​ភ្លើង​អគ្គីសនី២៤/២៤ម៉ោង  ជាពិសេស​មាន​ប្រព័ន្ធ​ទឹកស្អាត ដែល​កំពុង​ប្រើប្រាស់​ទូទាំង​ខេត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here