តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីប្រាក់ដុល្លារ ងើបឡើងថ្លៃ ខណៈអ្នកវិនិយោគកំពុងរង់ចាំទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលអាចតម្រុយបន្ថែមទៀតអំពីពេលវេលាច្បាស់លាស់នៃការបញ្ចុះអត្រាការប្រាក់។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៥%មកនៅត្រឹម២០២២,៨៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៤%មកនៅត្រឹម២០៣៨,៧ដុល្លារ ក្នុងមួយអោន

ផលប័ត្ររតនាគារអាមេរិករយៈពេល១០ឆ្នាំ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល២សប្តាហ៍ ខណៈផលប័ត្ររយៈពេល២ឆ្នាំ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជិត២ខែ ដែលធ្វើអោយតម្រូវការមាសធ្លាក់ចុះ។

លោក Everett Millman អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន Gainesville Coins បានលើកឡើងថា “ធនាគារកណ្តាលអាមេរិក អាចនឹងរក្សាអត្រាការប្រាក់ឱ្យស្ថិតនៅកម្រិតខ្ពស់ក្នុងរយៈពេលយូរ ដែលមានន័យថា ធនាគារកណ្តាលផ្សេងទៀតក៏ប្រហែលជាមិនទាន់បញ្ចុះអត្រាការប្រាក់ដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្រ្តីជាច្រើន បូករួមទាំងប្រធានធនាគារ Fed លោក Jerome Powell បានបញ្ជាក់កាលពីសប្តាហ៍មុនថា ពួកគេចង់រកឃើញភស្តុតាងបន្ថែមទៀត ដែលបង្ហាញថា អតិផរណានឹងបន្តធ្លាក់ចុះ មុនពេលកាត់បន្ថយអត្រាការប្រាក់។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ១៦,៥ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមីនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់ជាង១០៤ពិន្ទុ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,២ភាគរយ ដល់២២,៥៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ១,៦ភាគរយដល់៨៧០,៩៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃ palladium បានធ្លាក់ចុះ២,៥%មកនៅត្រឹម៨៦៥,០៧ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here