តម្លៃប្រេងកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃសុក្រនេះ ខណៈភាពតានតឹងនៅតែបន្តកើតមាននៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីអុីស្រាអែលបានច្រានចោលបទឈប់បាញ់ពីក្រុមហាម៉ាស។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង៨សេន ឬ០,១ភាគរយ ដល់៨១,៧១ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0119 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate futures របស់អាមេរិក បានកើនឡើង១៧សេន ឬ០,២ភាគរយដល់៧៦,៣៩ដុល្លារក្នុងមួយបារ៉ែល។

លោក Bart Melek ប្រធានផ្នែកយុទ្ធសាស្រ្តនៅក្រុមហ៊ុន TD Securities បានលើកឡើងថា “សេដ្ឋកិច្ចអាមេរិកនៅតែបន្តមានភាពរឹងមាំ ដែលនោះមានន័យថា ធនាគារ Fed មានឱកាសតិចតួចបំផុតនៅដំណាក់កាលនេះ ដើម្បីចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់”។

ចំណែក កាលពីថ្ងៃពុធ សប្តាហ៍នេះ ក្រុមមន្ត្រីធនាគារ Fed បានបញ្ជាក់ហេតុផលជាច្រើន ដែលបង្ហាញថា “ធនាគារកណ្តាលអាមេរិកពុំសូវមានភាពបន្ទាន់ណាមួយ ក្នុងការចាប់ផ្តើមបន្ធូរបន្ថយគោលនយោបាយអត្រាការប្រាក់របស់ខ្លួនក្នុងពេលឆាប់ៗនេះទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលនេះ ទីផ្សារមើលឃើញឱកាសចចំនួន៦១ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែឧសភាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៤,១៥ពិន្ទុនៅថ្ងៃសុក្រនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរ នៅថ្ងៃសុក្រនេះ ខណៈដែលអ្នកវិនិយោគបានបន្ទាបការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។

តួយ៉ាង សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះ០,៤៣ភាគរយ ក្នុងការជួញដូរនៅព្រឹកសុក្រនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៦២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ២,១៤ភាគរយ។

ចំណែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន  និងសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានបិទការជួញដូរក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិននេះ។

ចំណែកឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,១៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងក៏បានបិទការជួញដូរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here