CCCនឹងរៀបចំវេទិកាពាណិជ្ជកម្មជាមួយសភាពាណិជ្ជកម្មថៃ ដើម្បីជម្រុញការវិនិយោគ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈសភាពាណិជ្ជកម្មកម្ពុជា(CCC) ដឹកនាំដោយអ្នកឧក​ញ៉ា គិត ម៉េង នឹងចូលរួមក្នុងវេទិកាជំនួបធុរកិច្ច ដែលរៀបចំដោយសភាពាណិជ្ជកម្មថៃ ក្នុងពេលអញ្ជើញអមដំណើរ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាទស្សនកិច្ចប្រទេសថៃ។

សម្តេចធិបតីហ៊ុន ម៉ាណែត បាននិងកំពុងអញ្ជើញទស្សនកិច្ចនៅប្រទេសថៃ ដើម្បីរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ និងដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគផងដែរ។

អ្នកឧកញ៉ាគិត ម៉េង ដែលជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។ ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ថៃ ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មថៃ និងគណៈកម្មាធិការពាណិជ្ជកម្មថៃ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្ដេចធិបតី​ ហ៊ុន ម៉ាណែត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងសំខាន់នៃវេទិកានេះ គឺដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកម្ពុជា-ថៃ ដែលនឹងមានការអញ្ជើញចូលរួមពីក្រុមហ៊ុនធំៗរបស់ប្រទេសទាំងពីរ ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពសហប្រតិបត្តិការលើគម្រោងរួម។

ទន្ទឹមនឹងនេះ សភាពាណិជ្ជកម្មកម្ពុជា នឹងចុះអនុស្សរណៈយោ​គយល់ជាមួយ ១) គណៈកម្មាធិការពាណិជ្ជកម្មថៃ (Board of Trade of Thailand) ក្នុងគោលបំណងចូលរួមលើកកម្ពស់ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ និង ២)ធនាគារអាហរ័ណនីហរ័ណថៃ (EXIM Bank of Thailand) ដើម្បីបង្កើតក្របខណ្ឌ សម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការអភិវឌ្ឍ និងគាំទ្រដល់ក្រុមហ៊ុនសហគ្រាសសក្តានុពលរបស់កម្ពុជា និងថៃខាងផ្នែកពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ។

 

ក្នុងនោះ ធនាគារអាហរ័ណនីហរ័ណថៃ នឹងពិនិត្យលទ្ធភាពផ្តល់ឥណទានលើការវិនិយោគ និងសេវាកម្មរបស់ក្រុមហ៊ុនសហគ្រាសកម្ពុជា និងថៃ។

ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា ថៃ សម្រេចបានប្រមាណ៣,៧១ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៣។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅថៃ មានចំនួនទឹកប្រាក់ជាង៩១៧លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង២,៨ពាន់លានដុល្លារ។ ថៃ គឺជាប្រទេសទី៤ ដែលមានពាណិជ្ជកម្មច្រើនជាមួយកម្ពុជា បន្ទាប់ពីចិន អាមេរិក និងវៀតណាម។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here