តម្លៃប្រេងធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះតិចតួចនៅព្រឹកថ្ងៃអង្គារនេះ ខណៈដែលអ្នកវិនិយោគ បានវាយតម្លៃដំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ាដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ដើម្បីពិភាក្សាអំពីបទឈប់បាញ់នៅក្នុងតំបន់។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២សេន មកនៅត្រឹម៧៧,៩៧ដុល្លារ ក្នុងមួយបារ៉ែល ខណៈពេលដែលតម្លៃប្រេងឆៅ West Texas Intermediate futures របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៣សេនមកនៅត្រឹម៧២,៧៥ដុល្លារក្នុងមួយបារ៉ែល។

យោងតាមរបាយការណ៍បង្ហាញថា និយោជកនៅសហរដ្ឋអាមេរិក បានបង្កើតការងារបន្ថែមចំនួន៣៥៣.០០០ នៅក្នុងខែមករា បើធៀបនឹងការព្យាករណ៍ត្រឹមតែ១៨០.០០០ ពោលគឺមានការកើនឡើងយ៉ាងគំហុក។

លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Kitco Metals លើកឡើងថា យើងកំពុងមើលឃើញ ឥទ្ធិពលនៃកំណើនអត្រាអ្នកមានការងារធ្វើដ៏រឹងមាំ ដែលជំរុញឱ្យផលប័ត្ររតនាគារ និងសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកហក់ឡើងថ្លៃកាន់តែខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ១៥ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានហក់ឡើងថ្លៃ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ខែពោលគឺ១០៤,៤២ពិន្ទុនៅថ្ងៃអង្គារនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃអង្គារនេះ ខណៈដែលប្រាក់ដុល្លារអាមេរិកហក់ឡើងថ្លៃ បន្ទាប់ពីសេដ្ឋវិទូសម្លឹងឃើញឱកាសកាន់តែតិចតួចបំផុត ដែលធនាគារកណ្តាលអាមេរិក(Fed) អាចបញ្ចុះអត្រាការប្រាក់ ក្នុងខែមីនាខាងមុខ។

តួយ៉ាង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,៣៨ភាគរយ ក្នុងការជួញដូរដំបូងនៅព្រឹកថ្ងៃអង្គារនេះ។

ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៦៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៦៣ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ១,៥៧ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៣៥ភាគរយ។

ទោះជាយ៉ាងនេះក្តី ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៥៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៥៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here