តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃអង្គារនេះ ខណៈដែលប្រាក់ដុល្លារ ហក់ឡើងថ្លៃ បន្ទាប់ពីរបាយការណ៍បង្ហាញថា អត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិកបានកើនឡើង ដែលនាំឱ្យអ្នកវិភាគរំពឹងថា ធនាគារកណ្តាលអាមេរិកនឹងមិនបញ្ចុះអត្រាការប្រាក់ក្នុងពេលឆាប់ៗឡើយ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៦%ដល់២០២៧,០៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futuresបានធ្លាក់ចុះ០,៥%ដល់២០៤២,៩ដុល្លារ ក្នុងមួយអោន។

យោងតាមរបាយការណ៍បង្ហាញថា និយោជកនៅសហរដ្ឋអាមេរិក បានបង្កើតការងារបន្ថែមចំនួន៣៥៣.០០០ នៅក្នុងខែមករា បើធៀបនឹងការព្យាករណ៍ត្រឹមតែ១៨០.០០០។

លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Kitco Metals លើកឡើងថា យើងកំពុងមើលឃើញ ឥទ្ធិពលនៃកំណើនអត្រាអ្នកមានការងារធ្វើដ៏រឹងមាំ ដែលជំរុញឱ្យផលប័ត្ររតនាគារ និងសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកហក់ឡើងកាន់តែខ្ពស់ ដែលការណ៍នេះនាំឱ្យតម្លៃមាសធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមថា “ទោះជាយ៉ាងណាក្តី ហាងឆេងមាសនៅតែអាចមានតម្លៃលើស២.០០០ដុល្លារក្នុងមួយអោន ដោយសារតែភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងទីផ្សារ ដែលអាចជំរុញឱ្យតម្រូវការមាសកើនឡើងយ៉ាងឆាប់រហ័ស។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ១៥ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានហក់ឡើងថ្លៃ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ខែពោលគឺ១០៤,៤២ពិន្ទុនៅថ្ងៃអង្គារនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,៣ភាគរយ ដល់២២,៣៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានស្ថិតនៅទ្រឹងត្រឹម៩៤៦,៩៦ដុល្លារក្នុងមួយអោន ខណៈតម្លៃ palladium បានងើបឡើង០,៨% ដល់៨៩៧,៦៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here