រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចៈថវិកាជាង១៤០០លានដុល្លារត្រូវបានផ្តល់ជូនប្រជាពលរដ្ឋអំឡុងពេលជួបវិបត្តិផ្សេងៗ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជា សុមេធីបានគូស​រំ​លេច​ថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញកញ្ចប់ជាតិ ជាង១៤០០លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់ប្រជាពល​រដ្ឋ ក្នុងអំឡុងពេលពួកគាត់ជួបវិបត្តិផ្សេងៗ។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ កាលពីព្រឹក​ថ្ងៃ​ចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជា សុមេធី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានៅក្នុងនីតិ​កាលចាស់ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងក្នុងនីតិកាលថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើជីវភាព និងផលលំបាកនានារបស់ប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា “ដើម្បីដោះស្រាយការលំបាក ទាំងឡាយរបស់ប្រជាពលរដ្ឋ ជាពិសេសនៅពេលសង្គមជួបការរាតត្បាត​ជំងឺកូវីដ-១៩ វិបត្តិអតិផរណា ក៏ដូចជាគ្រោះមហន្តរាយនានា រាជរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាជាតិ ​ជាបន្តបន្ទាប់ជួយអន្តរាគមន៍ ដល់ផលប៉ះពាល់របស់ពួកគាត់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រី បានឱ្យដឹងថា កំលុងពេលកម្ពុជា ជួបនូវវិបត្តិនានានេះ រាជរដ្ឋាភិបាលបានបញ្ចេញ​កញ្ចប់ ថវិកា​សរុបជាង១៤០០លានដុល្លារលើកម្មវិធីជំនួយសង្គមចំនួន៥។

កម្មវិធីជួយសង្គមទាំង​៥នោះ​រួមមាន ទី១ កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដោយបានផ្តល់សេវាជូនអ្នក ទទួលផលសរុបចំនួនជាង៣៦ម៉ឺននាក់ ចំណាយថវិកា ៣២លានដុល្លារ។ កម្មវិធីនេះ ជាកម្មវិធី​អចិន្ត្រៃយ៍​។

ទី២ កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ​-១៩ ដោយអនុវត្តបាន ចំនួន៤២លើក គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ និងបានបើកផ្ដល់ដល់​គ្រួសារក្រីក្រ ក្នុងវង្វង់៧១ម៉ឺនគ្រួសារ ដោយចំណាយថវិកាអស់ប្រមាណ១,៣០៦លានដុល្លារ។

ទី៣ ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ មានការលំបាកផ្នែកជីវភាព, ប្រជា​ពលរដ្ឋ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “២០ កុម្ភៈ ២០២១” ដែល បានអនុវត្តពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ និងបានបិទបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២១ និងបានបើក​ផ្ដល់​ដល់ អ្នកទទួលផលចំនួន១២៩,៦៦៦គ្រួសារ ដោយចំណា​យថវិកាចំនួន៦.៦៨លានដុល្លារ។

ទី៤ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសាររងហានិភ័យ ដែលរងផលប៉ះពាល់ ធ្ងន់ធ្ងរពីគ្រោះ​ទឹក​ជំនន់ ដែលបានអនុវត្តនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ហើយបិទបញ្ចប់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលបើកផ្ដល់ដល់អ្នកទទួលផល សរុបចំនួន៩៩,១៦៩គ្រួសារ ដោយចំណាយថវិកាសរុប ១១.៧០លានដុល្លារ។

ទី៥ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាដែល បាន​ចាប់ផ្តើមអនុវត្តនៅខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៣ មានអ្នកទទួលផលសរុប ចំនួន៤៩៥,៣០៧គ្រួសារ ដោយចំណាយថវិកាចំនួន៤៤លានដុល្លារ។

លោករដ្ឋមន្ត្រី ជា សុមេធី បានគូសរំលេចផងដែរពីតួនាទីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការចូលរួមចំណែកយ៉ាងក្នុងការអនុវត្ត គោល​នយោ​បាយ​​អាទិភាព របស់រាជរដ្ឋាភិបាល ពិសេសទាក់ទង គោលនយោបាយអាទិភាពទី២ គឺការបណ្តុះ​បណ្តាល​​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ​នៅទូទាំងប្រទេស និងគោលនយោ​បាយទី៣ គឺការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិ ជំនួយសង្គមសម្រាប់​គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​ក្នុងគ្រាមាន​វិបត្តិ​សេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដែលមានមូលនិធិជាតិជំនួយសង្កម គឺជាប្រតិបត្តិករអនុវត្ត​កម្ម​វិធី​​ជាតិ​ជំនួយ​សង្គម​របស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបន្តថា បច្ចុប្បន្នក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងដើរតួនាទីដ៏សំខាន់អនុវត្តន៍” កម្មវិធី​ជាតិ​ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ” និង “កម្មវិធី​កិច្ច​គាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែល​ប្រកាសដាក់ឱ្យអនុវត្តន៍ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ នឹងផ្តល់ប្រយោ​ជន៍ដល់គ្រួសារ មានបណ្ណសមធម៌​ប្រមាណ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ ដោយគ្រោងនឹងចំណាយថវិកា ប្រមាណ៦៧៤,៥ប៊ីលានរៀល ស្មើនឹង១៦៥លានដុល្លារក្នុងឆ្នាំ២០២៤។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម ដោយសំយោគ​កម្មវិធី​ដែល​មានស្រាប់ រួមផ្សំនឹងកម្មវិធីថ្មីបន្ថែម ដើម្បីទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ដោយប្រកាន់ភ្ជាប់នូវគោល​ការណ៍​បរិយាបន្ន និងសមធម៌ ព្រមទាំងការចៀសវាងបានការធ្លាក់ចុះយ៉ាងគំហុក នៃប្រាក់ចំណូល​សម្រាប់​គ្រួសារ ដែលមានបណ្ណសមធម៌ទាំងអស់ ក៏ដូចជាគិតគូរដល់សមាជិកគ្រួសារ ដែល​រស់នៅជា​មួយ​មេរោគ និងជំងឺអេដស៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here