តម្លៃប្រេងស្ថិតក្នុងសភាពទ្រឹង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេង បានស្ថិតក្នុងសភាពទ្រឹង នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីធ្លាក់ចុះយ៉ាងគំហុកកាលពីសប្តាហ៍មុន ស្របពេលដែលមានកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់ ដើម្បីឈានដល់បទឈប់បាញ់ ក្នុងជម្លោះរវាងប្រទេសអុីស្រាអែល និងប៉ាឡេស្ទីន។

តម្លៃប្រេងឆៅ Brent futures បានងើបឡើងវិញ ត្រឹមតែ៨សេន ដល់៧៧,៤១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0131 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate futures របស់សហរដ្ឋអាមេរិក បានស្ថិតនៅទ្រឹងត្រឹម៧២,២៨ដុល្លារក្នុងមួយបារ៉ែល។

ទន្ទឹមនឹងនេះ អត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិកបានកើនឡើង ដែលនាំឱ្យអ្នកវិភាគមានភាពមិនច្បាស់លាស់លើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។

យោងតាមរបាយការណ៍បង្ហាញថា និយោជកនៅសហរដ្ឋអាមេរិក បានបង្កើតការងារបន្ថែមចំនួន៣៥៣.០០០ នៅក្នុងខែមករា បើធៀបនឹងការព្យាករណ៍ត្រឹមតែ១៨០.០០០។ សេដ្ឋកិច្ចដែលមានភាពធន់ និងផលិតភាពកម្មករដ៏រឹងមាំ បានលើកទឹកចិត្តឱ្យក្រុមហ៊ុននានាជួល និងរក្សាបុគ្គលិកកាន់តែច្រើន ហើយនិន្នាការនេះអាចការពារសេដ្ឋកិច្ចអាមេរិកឱ្យគេចផុតវិបត្តិនៅឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ២០ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ បើធៀបនឹងឱកាសជិត៥០ភាគរយកាលពីមួយសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានហក់ឡើងថ្លៃ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៨សប្តាហ៍ ពោលគឺ១០៤,១៨ពិន្ទុនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរ នៅថ្ងៃច័ន្ទនេះ ខណៈដែលអ្នកវិនិយោគមើលឃើញឱកាសកាន់តែតិចជាងមុន ដែលធនាគារកណ្តាលអាមេរិក(Fed)អាចនឹងបញ្ចុះគោលនយោបាយអត្រាការប្រាក់ ក្នុងខែមីនាខាងមុខ។

តួយ៉ាង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះអស់១ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៥ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,១២ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះជាង២ភាគរយ។

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៨១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,៤៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here