អង់គ្លេសប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការក្នុងការងារអភិវឌ្ឍន៍ជនបទ ដើម្បីសម្រេចតាមចក្ខុវិស័យរបស់កម្ពុជា

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ស្ថានទូតចក្រភពអង់គ្លេស បានចូលរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអប់រំ វិស័យសុខាភិបាល ក៏ដូចជាការកសាងហេដ្ឋារចនាសម្ពន្ធផ្សេងៗ និងបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទក្នុងការងារអភិវឌ្ឍន៍ជនបទ សំដៅរួមចំណែកជួយឱ្យជនបទនៅកម្ពុជាមានការរីកចម្រើន។

ការប្ដេជ្ញានេះធ្វើឡើងក្នុងឱកាសលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាឱកាសនោះ លោករដ្ឋមន្ត្រីបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបាន និងកំពុងអនុវត្តចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ដូចខាងក្រោម ទី១- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។

ទី២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅ របស់សហគមន៍ជនបទឱ្យប្រជាជនរស់នៅ ប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។

ទី៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូល សេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ។

ទី៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័ន និងអភិបាលកិច្ច ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានសមត្ថភាពបម្រើប្រជាជន នៅជនបទដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្ត្រីបានបន្តជម្រាបជូន ឯកអគ្គរាជទូតអំពីការកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍នាពេលកន្លងមក ក៏ដូចការចូលរួមជាមួយក្រសួងស្ថាប័ននានា ដែលពាក់ព័ន្ធក្នុងការធ្វើឲ្យជនបទនៅកម្ពុជាមានការរីកចម្រើន។ ជាមួយគ្នានោះដែរ លោកបានលើកឡើងបន្ថែមទៀត អំពីកិច្ចការចំពោះមុខដែលត្រូវអនុវត្ត ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលក្រសួងកំពុងជួបប្រទះ ដូចជា ការពង្រឹងគុណភាព ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធរូបវន្តជនបទ ការអប់រំឱ្យប្រជាជននៅជនបទ ប្រកាន់យកឥរិយាបថអនាម័យល្អ ការលើកទឹកចិត្តបង្កើតមុខរបរ បង្កើនចំណូលគ្រួសារនៅជនបទ តាមរយៈការរៀបចំបង្កើតឱ្យភូមិគំរូជាដើម។

លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា ស្ថានទូតចក្រភពអង់​គ្លេសប្រចាំកម្ពុជា បានចូលរួមចំណែកជាច្រើន ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍជាច្រើន រួមមាន វិស័យអប់រំ វិស័យសុខាភិបាល ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ តាមរយៈថវិការបស់រាជរដ្ឋាភិបាលអង់គ្លេសផ្ទាល់ និងអង្គការដៃគូនានាផងដែរ។

លោកប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ សំដៅរួមចំណែកជួយឱ្យជនបទ នៅកម្ពុជាមានការរីកចម្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here